រមាំងដែលពិភពលោកបារម្ភពីការផុតពូជគេថតបាននៅខេត្តក្រចេះ


អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព​សត្វ​រមាំង​ (Rucervus eldii)​ ចំនួន​បួន​ក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ ដែលជា​​តំបន់​ការ​ពារ​ធម្មជាតិ​មួយស្ថិតក្រោម​ការ​គាំ​ទ្រ​ដោយ​អង្គ​ការ WWF មានទីតាំង​ស្ថិត​ក្នុង​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេគង្គ​​​នៃខេត្ត​ក្រចេះ។

 សត្វ​រមាំង​​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទសត្វ​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ ​ទាំងនៅ​ក្នុង​ច្បាប់​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា និងក្នុង​បញ្ជី​ក្រហម​របស់​​អង្គ​ការ IUCN ។ ក្រុ​ម​អ្នក​អភិរក្ស​បានបង្ហាញក្តី​រំភើប​រី​ករាយ​​ ខណៈពួកគេកំពុងពិនិត្យមើល​រូប​ភាពដ៏​កម្រ​នៃវត្តមានរបស់​សត្វ​រមាំង​ញី​ពេញ​វ័យចំនួន​បី​ក្បាល និង​រមាំង​ជំទង់​មួយ​ក្បាល​ កំពុងរស់នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​ ក្នុងចំណោម​រូប​ថតសរុប​ចំនួន ១.៧១០ សន្លឹក​ ថតបានក្នុងចន្លោះ​ខែ​សីហាដល់​ខែ​កញ្ញា​នេះ ដោយការពង្រាយ​ម៉ា​ស៊ីន​ថតរូប​ស្វ័យ​ប្រ​វិត្ត​​នៅតាម​ទី​តាំង​ផ្សេង​ៗ​គ្នា​ក្នុង​ដែន​ជម្រក​ ​ដែល​មា​ន​ផ្ទៃ​ដី​សរុប​ចំនួន ៥០.០៩៣ ហិកតា​។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែក​ស្រាវ​ជ្រាវ​និង​តាម​ដាន​ជីវៈ​ចម្រុះប្រចាំតំបន់មេគង្គនៃ​អង្គ​ការWWF បានថ្លែងដោយស្នាមញញឹមថា«យើង​ទាំង​អស់​គ្នា​ពិត​ជា​រំភើប​រីករាយខ្លាំងណាស់​ដែល​បានកត់ត្រាទុកនូវវត្តមានរបស់​សត្វ​រមាំង​ទាំង​នេះ។​»

អង្គការ WWF បានឲ្យដឹងនៅថ្ងៃទី២៤កញ្ញានេះថា ការ​ស្រាវជ្រាវនិង​តាម​ដាន​​សត្វ​ព្រៃ​ដោយម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​​ជាកិច្ចសហការ​រួម​គ្នា​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​និង​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ សហគមន៍​ព្រៃ​ឈើ​ បុគ្គលិក​អង្គ​ការWWF និង​សមាជិក​ក្រុម​ល្បាត​សហគមន៍​ ក្រោម​ការ​ឧបត្ថ​ម្ភ​ថវិកា​ដោយ​អង្គ​ការ WWF-ប៊ែល​ហ្សិក និង​ទី​ភ្នាក់​ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិ​ការ​ (SDC)។ អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គ​ការ​WWF បាន​ពិពណ៌នាការផ្តិតរូបភាពរបស់សត្វរមាំងបាន​ម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវ​ត្តិ​​នេះថាជា​របក​គំហើញ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិរក្ស​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​។

​លោក សេង ទៀក នាយក​អង្គ​ការ​ WWF-កម្ពុជាបានមានប្រ​សាសន៍ថា៖​ “រូបភាពដ៏កម្រនៃសត្វរមាំងទាំង​នេះជាភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សរបស់យើង ហើយដែល​នាំ​មក​នូវ​ក្តី​សង្ឃឹម​​ក្នុងការ​ការ​ពារ​ប្រភេទ​សត្វ​នេះ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​។”

ក្រៅ​ពី​​សត្វ​រមាំង​ ម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ក៏​ផ្តិតបាននូវ​រូប​ភាព​សត្វ​ឈ្លូស ជ្រូក​ព្រៃ​ សំពោច​វល្លិ៍ សំពោចក្រអូប​ ព្រម​ទាំង​​ប្រភេទ​សត្វ​បក្សីមាឌ​ធំសំខាន់ៗមួយចំនួនទៀត ​ដូច​ជា​សត្វ​ក្ងោកបៃតង​ និង​​ត្រដក់​តូច​ជា​ដើម​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ