មួយរយៈនេះ លោកកឹម សុខា ប្តូរពីជួបអ្នកការទូតនៅផ្ទះទៅជួបតាមស្ថានទូតវិញ


រាជធានីភ្នំបេញ៖ ផ្ទុយពីពេលកន្លងមក ដែលលោកកឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង បានទទួលជួបបណ្តាឯកអគ្គរដ្ឋទូត រាជទូត ប្រទេសនានា នៅក្នុងគេហដ្ឋានរបស់លោកនោះ។ ក៏ប៉ុ​ន្តែ គេកត់សម្គាល់ឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ លោកបានប្តូរទម្លាប់ចេញទៅជួបអ្នកការទូតប្រទេសនានា នៅស្ថានទូតរបស់គេវិញ។

លោក កឹម សុខា ដែលកំពុងជាប់ចោទពីទោសក្បត់ជាតិ បានសរសេរនៅបណ្តាញសង្គម Facebookរបស់លោកកាលពីថ្ងៃទី២១កញ្ញាថា «មួយរយៈចុងក្រោយនេះ ដោយសារខ្ញុំជាប់រវល់ទៅចូលរួមកម្មវិធី គោរពប្រតិបត្តិ ទីសក្ការៈបូជា បុណ្យប្រពៃណី សាសនា ទំនៀមទម្លាប់ខ្មែរ ក៏ដូចជាការចូលរួមចែករំលែកក្នុងវិស័យសេដ្ឋកិច្ច សង្គមខ្លះ ជាមួយបងប្អូនខ្មែរនៅតាមមូលដ្ឋានរាជធានី ខេត្តមួយចំនួន ហើយខ្ញុំមិនបានទទួលជួបជាមួយអ្នកការទូតនៃប្រទេសជាមិត្ត នៅគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ក៏ប៉ុន្តែ ក្នុងរយៈពេលកន្លងទៅនេះ ខ្ញុំក៏បានឆ្លៀតឱកាសទទួលជួបអ្នកការទូតខ្លះ នៃប្រទេសជាមិត្តខ្លះ នៅក្នុងស្ថានទូតតាមការអញ្ជើញរបស់គេដែរ» ។

លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានរំលាយដោយតុលាការកំពូល ហាក់បានធ្វើដំណើរជាសាធារណៈនិងបានជួបឯកអគ្គរាជទូត និងរដ្ឋទូតជាច្រើននៅក្នុងរយៈពេលចុងក្រោយនេះ។ ជំនួបនិងដំណើរចេញក្រៅផ្ទះរបស់លោកខ្លះ ទំនងមិនបានផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គមរបស់លោក ដែលមានមនុស្សជាង១លាននាក់បានចុចlike នោះទេ។

កន្លងមកតុលាការបានរំលឹកលោក កឹម សុខា ពីការធ្វើដំណើរជាធារណៈនេះដែល ដោយសារលោកកំពុងស្ថិតនៅក្រោមការអង្កេតផ្លូវច្បាប់របស់តុលាការ។

កាលពីថ្ងៃទី២១កញ្ញានោះ លោកបានប្រកាសដែលថា លោកបានទទួលជួបជាមួយលោក Bjorn Haggmark ឯកអគ្គរាជទូត ស៊ុយអែត ប្រចាំនៅកម្ពុជា។ លោកបានបញ្ជាក់ថាលោក Bjorn Haggmark បានមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោក ជាពិសេសអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា​ និងស៊ុយអែត។​

“ក្នុងជំនួបនេះ ខ្ញុំក៏បានជម្រាបឯកឧត្តមឯកអគ្គរាជទូតថា បើតាមខ្ញុំដឹងប្រជាពលរដ្ឋខ្មែរនៅតែត្រូវការកិច្ចសហប្រតិបត្តិការ​ ឬជំនួយលើវិស័យផ្សេងៗ ពីប្រជាពលរដ្ឋ​ និងប្រទេសជាមិត្តរបស់កម្ពុជា ដូចជាស៊ុយអែតជាដើម។​ ហើយក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ផងដែរថា​ ប្រទេសស៊ុយអែត​ និងប្រជាពលរដ្ឋស៊ុយអែត នៅតែចង់ជួយដល់ប្រជាពលរដ្ឋខ្មែរ”នេះជាការបញ្ជាក់របស់លោក កឹម សុខា៕​

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ