ភ្លៀង​ធ្លាក់​ជាប់​ៗគ្នា​រយៈពេល​៣​ថ្ងៃធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​​ក្នុង​ខេត្ត​ប៉ៃលិនមាន​សង្ឃឹម​​


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេឃ​បាន​បង្អាក់​ទឹកភ្លៀង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃខែ បង្ក​ឱ្យដំណាំពោត និង​ដំឡូង​មី របស់​ប្រជា​កសិករ​នៅ​តាម​ចម្ការ​នីមួយ​ៗស្ទើរ​ងាប់​អស់​គ្មាន​សល់រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​ម្នាក់​ៗ មាន​ទឹកមុខ​ញញឹមញញែមត្រេកអរ​ឥត​ឧបមា ប​ង្កើត​បាន​នូវ​ក្តី​សង្ឃឹម​សា​ជា​ថ្មី​ឡើង​វិញ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​១០ ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ​កញ្ញា ​២០១៥​​​ទើប​រាំង​ទៅ​វិញ ។

​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង ប៉ា​ហ៊ី​ត្បូង ភូមិប​ហ៊ុយ​ជើង ប​ហ៊ុយត្បូង ប​តាំង​ស៊ូ ភូមិ​អូរ​ប្រើស អូរ​ខ្ទីង និង​ភូមិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត នៅ​ក្នុង​ក្រុងប៉ៃលិន បានរៀបរាប់​ឱ្យ​ដឹង​ថា ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​អស់សង្ឃឹម ដេក​មិន​លក់​បក់​មិន​រហើយនោះ គឺដោយសារ​តែ​មេឃ​បាន​រាំងភ្លៀង​អស់​រយៈពេល​ជា​យូរ​ថ្ងៃខែ ខណៈ​ដំណាំ​ពោត និង​ដំឡូង​មី​របស់​ពួក​គាត់ ដែល​អ្នកខ្លះ​ដាំ​រហូត​ដល់​ពី​រទៅ​បី​សា ហើយ​ខ្លះ​ទៀត​ដុះ​លូត​លាស់វែង​ៗ​អស់ហើយ​ទទួល​រង​កំ​ដៅ​ថ្ងៃស្ទើរ​ងាប់​អស់ រហូត​មក​ដល់​ពេល​នេះ បានក្លាយទៅជា​ស្រស់ញញឹម​ឡើង​វិញ​ហើយ ។

ពួក​គាត់​បន្ត​ទៀត​ថា នៅ​ក្នុង​ចម្ការ​របស់​ពួក​គាត់​នីមួយ​ៗបាន​ប្រែ​ពណ៌​ពី​ក្រហម​ព្រឿង​ៗ​មក​ជា​ខៀវស្រងាត់​វិញ ព្រោះ​ភ្លៀង​ពីរ​បី​ថ្ងៃនេះ​ធំ​ៗ​គួរ​ឱ្យ​កត់សម្គាល់បណ្តាល​ឱ្យ​រឹងទៅជា​ទន់ជ្រាយ​អាច​ធ្វើ​ឱ្យ​ដំណាំ​របស់​គាត់​លូតលាស់ និង​បន្ត​បញ្ចេញ​មើម​បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ ។

ម្យ៉ាងវិញទៀត ការ​ធ្វើ​ចម្ការ​ប្រ​វាស់នឹង​ទឹកភ្លៀង​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ បើសិនជា​មាន​ភ្លៀង​គ្រប់គ្រាន់​នោះ​ពួក​គាត់​នឹង​ទទួលផល​បាន​ច្រើន អាច​ប្រមូល​នៅ​ចុង​រដូវ​យក​ទៅ​សង​ជំពាក់​នាយទុន​ខ្លះ និង​ទុក​សម្រាប់​ហូប​ខ្លួនឯង​មួយ​ចំនួន​ដែរ ហើយ​ក៏​បន្ត​ចងការ​ប្រាក់​គេ​ទៀត ដើម្បី​បន្ត​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ។

​ប្រជាពលរដ្ឋ​បញ្ជាក់​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គាត់​មិន​ហ៊ាន​ស​ន្និ​ដ្ឋាន​ថា នៅ​រដូវ​ប្រមូល​ផល​ខាង​មុខទទួល​បាន​ល្អ​១០០​ភាគរយ​នោះ​ឡើយ ព្រោះ​អី​ដំឡូង​មីនៅ​តាម​ចម្ការ​របស់​ពួក​គាត់​មួយ​ចំនួន​អត់​ទាន់​មាន​មើម​នោះ​ឡើយ ព្រោះតែ​រាំង​យូរ​ពេក ហើយ​នៅ​ក្នុង​ចម្ការ​មួយ​ចំនួន​ទៀត ដើម​ដំឡូង​មី​បាន​កើត​ជម្ងឺក្រា​ចាប់ក្លាយទៅជា​ពណ៌ស​ៗ ហើយ​ក៏​អត់​ទាន់​មាន​មើម​នោះ​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នា​ឆ្នាំ​២០១៥​នេះ អាកាសធាតុ​ក្តៅ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​មាន​ភ្លៀង​តិចតួច​បំផុតតាំងពី​ឈាន​ចូល​រដូវវស្សា​មក​ម្ល៉េះដោយ​ចម្ការ​របស់ប្រជា​កសិករ​មួយ​ចំនួន​ត្រូវ​ភ្លៀង​តែ​ម្តង​ទៅ​ពីរ​ដង​ប៉ុណ្ណោះ ហើយ​ក៏​រាំង​រហូត​មក​ រីឯ​ចម្ការមួយ​ចំនួន​ទៀត​ត្រូវ​ភ្លៀង​តិច​ៗ​ប៉ុណ្ណោះ ៕​

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ