ភ្ជុំបិណ្ឌ៖ ពលរដ្ឋបួងសួងសូមឲ្យ កូវីដ ១៩រលត់ទៅ


រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរទើបបានបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល១៥ថ្ងៃនៅថ្ងៃទី១៧កញ្ញា ដែលជាថ្ងៃភ្ជុំធំ។ ជាទំនៀបទម្លាប់ ពិធីបុណ្យនេះប្រជាពុទ្ធបរិស័ទ ប្រារព្ធធ្វើឡើង ឧទ្ទិសកុសលផលបុណ្យ ជូនញាតិសន្តានដែលមានមាតាបិតា ដែលបានចែកឋានទៅកាន់លោកខាងមុខ និងសូមសេចក្តីសុខ សេចក្តីចម្រើនកើតមានសម្រាប់ខ្លួន និងក្រុមគ្រួសារ រួមនឹង​សង្គមជាតិ ផងដែរ។

ដោយសារឆ្នាំនេះសកលលោកក៍ដូចប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ពលរដ្ឋបានសូមឲ្យជំងឺដែលបង្ករផលប៉ះពាល់ដល់សេដ្ឋកិច្​ចគ្រួសារ និងប្រទេសជាតិមួយនេះ ឆាប់រលត់រលាយពីកម្ពុជា ដើម្បីឲ្យពួកគាត់​អាចប្រកបរបរទទួលទាន បានជាធម្មតាវិញ។

កូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការរកចំណូលពលរដ្ឋ បានធ្វើពលរដ្ឋខ្លះមិនបានធ្វើបុណ្យពេញលេញនោះទេ នៅក្នុងរដូវភ្ជុំបុណ្យឆ្នាំនេះ។ លោកម៉ៅ សំណាល់ ពលរដ្ឋម្នាក់បាននិ​យាយ​ថា រដូវភ្ជុំឆ្នាំនេះ គាត់បានទៅវត្តតែបីដងប៉ុណ្ណោះ ដោយសារគាត់ជួបបញ្ហាជីវភាពធ្ងន់ធ្ងរ។ លោកថា ជំងឺកូវីដ១៩ បានធ្វើរបររត់ម៉ូតូកង់បីរបស់លោក រកចំណូលផ្គត់ផ្គង់គ្រួសារមិន​បាន​ នៅពេលដែលលោកបានជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ជិតមួយម៉ឺនដុល្លារនោះ។

“ខ្ញុំបានខ្ចីគ្រឹះស្ថានហិរញ្ញវត្ថុចំនួនពីរ ក្នុងប្រាក់ជិត១ម៉ឺនដុល្លារនោះ។ គ្រឹះស្ថានមួយខ្ញុំខ្ចី៥ពាន់ មួយទៀតខ្ញុំខ្ចី៤ពាន់ដុល្លារ ដើម្បីធ្វើផ្ទះនិងទិញកង់បី។ ប៉ុន្តែពេលកូវីដ១៩មកដល់ ខ្ញុំមិនអាចរកប្រាក់ តាមរយៈរបររត់កង់បីនោះឡើយ” ។លោកសំណាល់ រៀបរាប់ដោយភ្នែកសម្លឹងទៅម៉ូតូកង់បីរបស់គាត់ ដែលបញ្ឈរចោល ហើយគាត់មកធ្វើជាសន្តិសុខប្រចំាហាងកាហ្វេមួយ នៅក្នុងថ្ងៃភ្ជុំ ដើម្បីបានប្រាក់ខ្លះទិញម្ហូបអាហារទទួលទាន។

លោកបានបញ្ជាក់ថាជារៀងរាល់ខែ លោកបានត្រូវរកប្រាក់ជាង៣០០ដុល្លារដើម្បីបង់ឲ្យធនា​គារ។ លោកអះអាងថា លោកមិនបានទៅរកសេវារៀបចំឥណទានឡើងវិញនោះទេ ដោយលោកបានគិតថា “ការបង់ប្រាក់ឲ្យគេនៅ តែបង់ដដែលហើយ យន្តការនោះមិនបានជួយអ្វីជាដំកំភួនឡើយ”។

នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ លោកបានបួងសួងសុំឲ្យជំងឺកូវីដ១៩ ឆាប់រលាយរលត់ពីកម្ពុជា ដែលអាចឲ្យលោកមានឱកាសវិល ទៅរកចំណូលជាប្រក្រតីវិញ។

ពលរដ្ឋម្នាក់ទៀត ដែលបានអញ្ជើញទៅវត្តនៅក្នុងថ្ងៃភ្ជុំធំដែលលោកបាននិយាយថា ក្រៅពីការបួងសួងសូមសេចក្តីសេចក្តីចម្រើនសម្រាប់ក្រុមគ្រួសារ​ហើយ លោកបានបួងសួងសូមឲ្យសង្គមកម្ពុជា គេចផុតបានឆាប់ៗនេះពីជំងឺកូវីដ១៩។ បុរសដែលមានវ័យជាង៥០ឆ្នាំ និយាយថា ពលរដ្ឋជាច្រើនបានជួបបញ្ហាសេដ្ឋកិច្ច ប៉ុន្តែនៅតែធ្វើបុណ្យទានដដែលពីព្រោះនេះជាប្រពៃណី តំាងពីដូនតាមក៕



Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ