ព្រះសង្ឃខេត្តសៀមរាបជំរុញពលរដ្ឋឲ្យដំាដើមព្នៅ និងរុក្ខជាតិមាន តម្លៃឡើងវិញ


ខេត្តសៀមរាប ៖ បើតាមព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ ខេត្តសៀមរាប និងតាមឯកសារ ខ្លះ ដើមព្នៅមានសារៈប្រយោជន៍ច្រើនណាស់ និងជាថ្នាំបុរាណច្រើនមុខផង ។ ប៉ុន្តែដើមឈើប្រភេទនេះ ហាក់មិនសូវមានការដំាដុះនៅកម្ពុជាទេ ក្នុងពេលបច្ចុប្បន្ននេះ។

ព្រះអង្គបានកំពុងផុសឲ្យមានការដំាដើមព្នៅនេះឡើងវិញ ។ កាលពីថ្ងៃទី២២ កញ្ញា ព្រះអង្គ  ពិន សែម បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្តចំនួន៨៤ដើម ។

ព្រះអង្គមានបន្ទូលថា «ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង» ។

ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលបន្ថែមថា ព្នៅ អាចប្រើជាឱសថសម្រាប់ព្យាបាលរោគ ជាថ្នាំចម្រើនអាយុ ជួយសរីរាង្គកាយមនុស្សបានច្រើន ជួយឱ្យមានកម្លាំង សាច់សម្បុរស្អាត។ល។ ព្រះអង្គចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចាប់ផ្តើមដាំរុក្ខជាតិណាដែលមានតម្លៃឡើងវិញ ដូចជា ព្នៅ ស្ដៅ ក្រសាំង និងអំពិលជាដើម ដែលព្រះអង្គយល់ថា វាបានបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តែបែរជាមិនយល់ពីតម្លៃរបស់វា និងមិននាំគ្នាដាំឡើងវិញ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថា អាជ្ញាធរជាតិអប្សរារីករាយសហការ និងផ្តល់ទីតាំងសម្រាប់ដាំដើមព្នៅនេះ។ អាជ្ញាធរជាតិអប្សរាបានត្រៀមដីមួយកន្លែងនៅខាងជើងក្រុងអង្គរធំ សម្រាប់ធ្វើជាចម្ការព្នៅ និងដាំពូជព្នៅចម្រុះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ ក៏ដូចជាទុកសម្រាប់ប្រជាពលរដ្ឋខ្មែរស្គាល់ដើមព្នៅនេះផង។

មន្រ្តីបានបញ្ជាក់ថា ក្នុងរមណីយដ្ឋានអង្គរគឺដើមឈើរហូត ១៨៣ប្រភេទ ហើយគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ថែរក្សាតំបន់នេះនៅតែសម្បូរធនធានធម្មជាតិចម្រុះបែបជារហូតតទៅ។

ចំណែកដើមព្នៅ ឯកសារខ្លះឲ្យដឹងថា បុរាណបានឱ្យដាំដើមព្នៅនៅក្បែរផ្ទះ ដើម្បីការពារអមនុស្ស ខ្មោច បិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ដើមព្នៅក៏ជាឧសថបុរាណដ៏ពូកែផងដែរ។ ផ្កាព្នៅមានពណ៌សបរិសុទ្ធស្អាត ឬមានពណ៌សលាយពណ៌បៃតង និងមានក្លិនក្រអបគួរឱ្យចង់ស្រស់ស្រូប ផ្ការបស់វានៅចន្លោះស្លឹក និងចុងមែក វាជារុក្ខជាតិចូលចិត្តពន្លឺ និងធន់និងអាកាសធាតុ ព្រមទាំងអាចដាំដុះនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។ ស្លឹកព្នៅមួយទង់មានស្លឹកចំនួន ៣ស្លឹក តំណាំងឱ្យត្រីវេទម្កុដពេជ្រ តំណាងឱ្យអាទិទេព៣អង្គគឺ ព្រះវិស្ណុ ព្រះព្រហ្ម និងព្រះឥសូរ ឬសិវៈ ដែលអាទិទេពទាំងបីអង្គពង្រួមចូលគ្នាក្នុងទងតែមួយ មិនបែកគ្នាបង្ហាញពីភាពសាមគ្គីនៃអនុភាពសិរីមង្គល ឈ្នះអស់មារសត្រូវផងដែរ៕



Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ