ពលរដ្ឋ​ក្នុង​ឃុំ​អំពិលទឹក សប្បាយចិត្ត​ជិត​បាន​ស្ពាន​ថ្មី


ខេត្តកំពង់ឆ្នាំង ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ពី​បញ្ហា​ស្ពាន​ទ្រុឌទ្រោម និង​បាន​បាក់​ទាំងស្រុង​កាលពី​ពេល​ថ្មី​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង និង​ជា​អនុប្រធាន​ក្រុមការងារ ថ្នាក់​កណ្តាល​ចុះ​ជួយ ស្រុក​កំពង់ត្រឡាច អមដំណើរ​ដោយ​លោក​ប្រធាន​ក្រុម​ប្រឹ​ក្ស​ស្រុក​កំពង់ត្រឡាច និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​ពិនិត្យ​មើល ស្ថានភាព ស្ពាន​បាក់​ខាងលើ ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្ងួត និង​បាន​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ទ្វារ​ទឹក ដែល​អាច​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ​ខែប្រាំង និង​ប្រយោជន៍​សម្រាប់​ទុក​ធ្វើស្រែ​បាន​ទៀត​ផង ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ស្ពា​ទ្រុឌទ្រោម និង​បាន​បាក់​ទាំងស្រុង​ក្នុង​ពេល​នោះ ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ ថ្ងៃនេះ​ឯកឧត្តម បាន​ចុះ​មក​ពិនិត្យ ដោយ​ផ្ទាល់​ឃើញជាក់ស្តែង ស្ពាន​ដែល​កសាង​ពី​ឆ្នាំ​១៩៨៦ មក​បាន​ទ្រុឌទ្រោម និង​បាន​បាក់​ទាំងស្រុង កាលពី​ថ្មី​ៗ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ភូមិ​ស្ទឹង​ស្ងួត ក៏​ដូច​ជា​ឃុំ​អំពិលទឹក​នេះ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់ បាន​ទេ ចាប់តាំងពី​ស្ពាន​នេះ​បាក់​មក​។ ក្នុង​នាម​គណបក្ស​ប្រជាជន ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់ ប្រជាពលរដ្ឋ ឯកឧត្តម សូម​ផ្តល់​ថវិកា​ចំនួន​៣​ពាន់​ដុល្លារ សម្រាប់​ធ្វើ​ស្ពាន​ជា​លក្ខណៈ​ទ្វារ​ទឹក សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​ខែប្រាំង និង​សម្រាប់​ទប់ទឹក​ជូន​ប្រជាពលរដ្ឋ ធ្វើស្រែ​ផង​ដែរ​។ ស្ពាន​នេះ​នឹង​ចាប់ផ្តើម​ធ្វើ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​អាច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ បាន​ស្រួល​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ក្នុង​ថ្ងៃ​នោះ​ដែរ លោក ហ៊ុ​ល ច័ន្ទ​ថូ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រឡាច បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ឧកញ៉ា ដែល​បាន​ជួយ​កសាង​ស្ពាន​ថ្មី ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​ស្ទឹង​ស្ងួត ឃុំ​អំពិលទឹក​នេះ ហើយ​ស្ពាន​នេះ​មាន​សារ​ប្រយោជន៍​ពីរ​យ៉ាង គឺ​សម្រាប់​បងប្អូន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង និង​សម្រាប់​ទប់ទឹក​ឲ្យ​បងប្អូន​ធ្វើស្រែ​ប្រាំង​បាន​ពីរ​ដង​ផង​។ លោក​បាន​បញ្ជាក់​ថា ស្ពាន​នេះ​កសាង​ពី​ឆ្នាំ​១៩៨៦ មក​ដល់​ពេល​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​បាក់​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ ដែល​មិន​អាច​ឲ្យ​បងប្អូន​ធ្វើ​ដំណើរ​ទៀត​បាន​។ លោក​ក៏​បាន​បញ្ជាក់ ស្ពាន​ថ្មី​ដែល​ឯកឧត្តម ជួយ​សាងសង់​នេះ នៅ​ផ្នែក​ខាងលើ​ស្ពាន​ចាស់​បន្តិច ដែល​អាច​ឲ្យ​បងប្អូន​ធ្វើ​ដំណើរ​ខែប្រាំង​បាន ចំណែក​ខែវស្សា​ត្រូវ​ជិះទូក​ឆ្លង នៅ​ចំណុច​ស្ពាន​ចាស់​ដដែល ៕


សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ