បទ​ពិសោធន៍​ដាំ​ល្ពៅ​ឱ្យ​បាន​ផ្លែ​ច្រើន


បងស្រី អ៊ុំ សុភាព អាយុ​៣៥​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ខេត្ត​តា​កេវ ។ គាត់​មានបទពិសោធន៍​ដាំ​ល្ពៅ​ដែល​ធ្វើ​ឱ្យ​ផ្លែ​កាន់តែ​ច្រើន និង​មាន​រសជាតិ​ផ្អែម​ឆ្អិត​ល្អ ។ បទ​ពិសោធន៍​នេះ គាត់​បាន​ចេះ​មក​ពី​ម្ដាយ​ឪពុក​របស់​គាត់​ត​ៗ​គ្នា​មក ។ បងស្រី​មានចិត្ត​ទូលាយ​ចង់​ចែករំលែក​ជូន​បទ​ពិសោធន៍​នេះ​ដល់​កសិករ​យើង​ផ្សេង​ទៀត ដើម្បី​យក​ទៅ​សាកល្បង​តាម​ដូច​ខាងក្រោម ៖

១-​ការ​រៀបចំ​ដី និង​រណ្ដៅ​សម្រាប់​ដាំ
ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​ហើយ គាត់​ចាប់​ភ្ជូ​រ​ដី​ហាល​ចោល​១​សា (​រយៈពេល​១​ខែ​) នៅ​ចុង​ខែមេសា គាត់​ចាប់​ភ្ជូ​រ​ដី​១​សា​ទៀត និង​រាស់​កៀរ​ឱ្យ​ស្មើ​ល្អ​ដើម្បី​ត្រៀម​ដាំ ។ នៅ​លើ​ផ្ទៃដី​ស្រែ​១០​អារ គាត់​ភ្ជូ​រ​ឆូត​ជា​រង​ដែល​មាន​ទទឹង​០,៥​ម៉ែត្រ បណ្ដោយ​ទៅ​តាម​ស្ថានភាព​ដី និង​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​គឺ​១​ម៉ែត្រ ។ នៅ​លើ​រង គាត់​កាប់​រណ្ដៅ​ដែល​មាន​ទំហំ​២​តឹក​បួន​ជ្រុង ជម្រៅ​១,៥​តឹក ចន្លោះ​ពី​រណ្ដៅ​មួយ​ទៅ​រណ្តៅ​មួយ​គឺ​១​ម៉ែត្រ ។

២-​ការ​រៀបចំ​គ្រាប់​ដាំ
មុន​ពេល​ដាំ គាត់​បាន​យក​គ្រាប់​ដែល​គាត់​បាន​រក្សា​ទុក​ពូជ​ដោយ​ខ្លួនឯង​ទៅ​ត្រាំ​ទឹក​១​យប់ ដើម្បី​ឱ្យ​គ្រាប់​ស្រូបទឹក​ឆាប់​ដុះ​ពន្លក បន្ទាប់​មក គាត់​ស្រង់​យក​ទៅ​ខ្ចប់​ក្រណាត់​ផ្អាប់​ទុក​១​យប់​ទៀត ដើម្បី​ឱ្យ​មាន​កម្តៅ និង​សំណើម​ឆាប់​ដុះ ។

៣-​របៀប​ដាំ
ក្រោយ​ពី​បាន​រៀបចំ​រណ្ដៅ និង​គ្រាប់ពូជ​ហើយ គាត់​បាន​យក​គ្រាប់​ទៅ​ដាំ​នៅ​ក្នុង​រណ្តៅ ។ នៅ​បាត​រណ្ដៅ គាត់​បាន​ដាក់​ជី​កំ​ប៉ុ​ស្ដ ឬ​ជី​លាមក​សត្វ​ពុក​ផុយ​មួយ​បង្គី​ជ្រំ​ច្របល់​ជាមួយ​ដី ទើប​យក​គ្រាប់​ទៅ​កប់ ។ ក្នុង​រណ្ដៅ​កប់​ដាំ​ចំនួន​២​គ្រាប់ ហើយ​ស្រោច​ទឹក​ឱ្យ​ជោក​ជា​ការ​ស្រេច ។

៤. ការ​ថែទាំ
ក្រោយ​ពី​ដាំ​បាន​រយៈពេល​២០-២៥​ថ្ងៃ ល្ពៅ​ចាប់ផ្ដើម​បោះទង ពេល​នោះ​គាត់​ចាប់ផ្ដើម​ដើរ​កាត់​ត្រួយ​កុំឱ្យ​ទង​លូត​វែង​ឱ្យ​វា​បែក​ទង​ឱ្យ​បាន​ច្រើន​ទៀត ។ ត្រួយ​ដែល​កាត់​បាន​គាត់​យក​ទៅ​ស្ល ឬ​លក់ ។ បន្ទាប់​ពី​កាត់​ត្រួយ​ហើយ​គាត់​បន្ថែម​ជី​បំប៉ន (​ជី​កំ​ប៉ុ​ស្ដ​) នៅ​ក្បែរ​រណ្ដៅ​រួច​ភ្ជូ​រលុប​គល់ ។ នៅ​រដូវប្រាំង​រាំង​ស្ងួត ត្រូវ​ស្រោច​ទឹក​ឱ្យ​បាន​រាល់ថ្ងៃ គឺ​១​ថ្ងៃ​ម្ដង ឬ​២​ដង (​ព្រឹក​-​ល្ងាច​) ជា​ពិសេស​ពេល​ល្ពៅ​ចេញ​ផ្កា ។ ដើម្បី​រក្សា​សំណើម​ឱ្យ​បាន​យូរ គាត់​បាន​យក​ចំបើង ស្លឹកឈើ​ក្រាល​គ្រប​ពេញ​រង​ល្ពៅ ។ ក្នុង​កំឡុង​ល្ពៅ​ចេញ​ផ្កា​នៅ​ពេល​ព្រឹក​ម៉ោង​៧ គាត់​តែង​ដើរ​បេះ​ផ្កា​ឈ្មោល​យក​ទៅ​គោះ​ដាក់​លើ​ផ្កា​ញី ដើម្បី​ឱ្យ​វា​កាន់​ផ្លែ និង​ផ្លែ​បាន​ច្រើន ។ នៅ ពេល​ដែល​គាត់​ប្រមូល​ផល​ល្ពៅ​បាន​ពី​១​ទៅ​២​សា ហើយ​ឱ្យ​ល្ពៅ​មាន​ផ្លែ​បន្ត​ទៀត គាត់​បាន​កប់​ទង​នៅ​ក្នុង​ដី ទុក​ចុង​ត្រួយ​ប្រវែង​២​តឹក ហើយ​ដាក់​ជី​កំ​ប៉ុ​ស្ដ​បន្ថែម​នៅ​តាម​គល់ និង​បន្ដ​ការ​ស្រោច​ទឹក​ទៀត នោះ​ល្ពៅ​នឹង​ចេញ​ផ្កា​ផ្លែ​ជា​បន្តបន្ទាប់ ។

៥-​ទិន្នផល
តាម​បទ​ពិសោធន៍​របស់​គាត់​ការ​អនុវត្ត​តាម​បច្ចេកទេស​ខាងលើ ធ្វើ​ឱ្យ​ល្ពៅ​ផ្លែ​បាន​ច្រើន ហើយ​ធំ​ៗ (​ក្នុង​១​គុម្ព​កាន់​ផ្លែ​បាន​ពី​៣​ទៅ​៤​ផ្លែ​) ហើយ​អាច​បេះ​បាន​២​ដង ។ បើ​តាម​ធម្មតា (​មិន​ធ្វើ​តាម​បទ​ពិសោធន៍​ខាងលើ​) ល្ពៅ​ផ្លែ​បាន​តិច (​ក្នុង​១​គុម្ព​កាន់​ផ្លែ​តែ​១-២​ផ្លែ​ប៉ុណ្ណោះ​) ហើយ​បេះ​តែ​១​សា​អស់​ផ្លែ​តែ​ម្តង ។

៦. សរុប​នូវ​បច្ចេកទេស​សំខាន់​ៗ
ដើម្បី​ដាំ​ល្ពៅ​ឱ្យ​បាន​ផ្លែ​ច្រើន​គប្បី​អនុវត្ត​ដូច​ខាងក្រោម ៖
– កាប់​រណ្ដៅ​ចន្លោះ​ពី​គុម្ព​១​ទៅ​គុម្ព​មួយទៀត​ប្រវែង​១​ម៉ែត្រ​ដើម្បី​ឱ្យ​ល្ពៅ​បោះទង​ល្អ ។
– ប្រើ​ជី​កំ​ប៉ុ​ស្ដ ឬ​លាមក​សត្វ​ពុក​ផុយ​ដាក់​នៅ​បាត​រណ្ដៅ​មួយ​បង្គី​មួយ​រណ្ដៅ ។
– ត្រាំ​គ្រាប់ពូជ​១​យប់ រួច​ស្រង់​ផ្អាប់​ទុក​១​យប់ ដើម្បី​ឱ្យ​គ្រាប់​ឆាប់​ដុះ​ពន្លក​ការពារ​ស្រមោច​ស៊ីនៅ​ពេល​ដាំ ។
– ពេល​ល្ពៅ​បោះទង​ត្រូវកា​ត់វា​ចេញ ដើម្បី​បែក​ទង​បាន​ច្រើន ។
– ពេល​ល្ពៅ​ចេញ​ផ្កា បេះ​ផ្កា​ឈ្មោល​ទៅ​គោះ​ដាក់​លើ​ផ្កា​ញី ដើម្បី​ឱ្យ​ល្ពៅ​មាន​ផ្លែ​ច្រើន (​ធ្វើ​នៅ​ពេល​ព្រឹក​ព្រលឹម​)
– ក្រោយ​ពី​ប្រមូល​ផល​១​សា​ឬ​២​សា​ហើយ​កប់​ទងល្ពៅ​ទៅ​ក្នុង​ដី​ដាក់​ជី​ស្រោច​ទឹក ដើម្បី​ឱ្យ​ល្ពៅ​បន្ត​ការ​ចេញ​ផ្កា និង​ផ្លែ​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ