បញ្ហាសេដ្ឋកិច្ចពលរដ្ឋមិនសូវដើរ កម្សាន្តក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បញ្ហាសេដ្ឋកិច្ចពលរដ្ឋមិនសូវដើរ កម្សាន្តក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ

2 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពេលឈប់សម្រាកក្នុងឱកាសបុណ្យអុំទូក ឆ្នាំនេះពលរដ្ឋមួយចំនួន បានប្រាប់ថាពួកគាត់មិនបានដើរកម្សាន្តទៅទីណានោះទេ។ បញ្ហាសំខាន់មួយដែលធ្វើឲ្យពលរដ្ឋមិនដើរកម្សាន្តក្នុងឱកាសឈប់សម្រាកដល់ទៅ៥ថ្ងៃជាប់គ្នានោះ គឺដោយសារបញ្ហាថវិកា។ ពលរដ្ឋជាច្រើនបានថ្ងូរពីការរកចំណូល នៅពេលវិបត្តិកូវីដ១៩ ក៏ជាគ្រោះធម្មជាតិទឹកជំនន់…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពេលឈប់សម្រាកក្នុងឱកាសបុណ្យអុំទូក ឆ្នាំនេះពលរដ្ឋមួយចំនួន បានប្រាប់ថាពួកគាត់មិនបានដើរកម្សាន្តទៅទីណានោះទេ។ បញ្ហាសំខាន់មួយដែលធ្វើឲ្យពលរដ្ឋមិនដើរកម្សាន្តក្នុងឱកាសឈប់សម្រាកដល់ទៅ៥ថ្ងៃជាប់គ្នានោះ គឺដោយសារបញ្ហាថវិកា។

ពលរដ្ឋជាច្រើនបានថ្ងូរពីការរកចំណូល នៅពេលវិបត្តិកូវីដ១៩ ក៏ជាគ្រោះធម្មជាតិទឹកជំនន់ ដែលបង្កឲ្យប៉ះពាល់ពលរដ្ឋជាច្រើនម៉ឺនគ្រួសារ។ វិបត្តិសកលនិងគ្រោះធម្មជាតិនេះ ជាផលលំបាក ផ្ទួនៗ បង្កការ​លំបាកដល់ប្រជាពលរដ្ឋខ្មែរនៅឆ្នាំ២០២០នេះ។

ចំណែកហេតុផលផ្សេងទៀត ដែលធ្វើឲ្យពលរដ្ឋមិនចេញដើរកម្សាន្តនៅក្នុងពេលនេះដែរនោះ គឺ ដោយពួកគាត់ បានឈប់សម្រាក ដើរកម្សាន្តរយៈពេលយូរថ្ងៃនេះ ម្តងរួចហើយ នៅក្នុងខែសីហាមុននេះ នៅពេលរដ្ឋាភិបាលសងការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមិនឈប់សម្រាកដោយសារបង្ការជំងឺកូវីដ១៩។

សូមជម្រាប់ថា បើរាប់បញ្ចូលគ្នាសម្រាកការឈប់សម្រាកនាពេលនេះ ទំាងព្រះរាជពិធីគម្រប់ខូប១៦ ឆ្នាំការយាងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះ​មហាក្សត្រ និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប អកអំបុកនិងសំពះព្រះខែរទៀត ការឈប់សម្រាកមានពេលដល់ទៅ ៤ឬ៥ថ្ងៃ ឯណោះគឺឈប់សម្រាក​ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ។

លោក មុន្នី ពលរដ្ឋរស់នៅក្នុងរាជធានភ្នំពេញ និយាយថាលោកមិនបានចេញពីក្រុងភ្នំពេញទៅកម្សាន្តនៅទីណានោះទេ ដោយសារលោកមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរពេលមានវិបត្តិកូវីដ១៩នេះ។ លោកបម្រើការងារឲ្យទីភ្នាក់ងារទេសចរណ៍មួយ តែលោកបានបាត់បង់ការងារតំាងពីខែមីនា មកម្លេះ ដោយសារពិភពលោកគ្មានជើងហោះហើរ អ្នកទេសចរបានផ្អាកការដើរកម្សាន្ត។ លោកមុន្នីថារហូតមកដល់ពេលនេះ គ្មានអ្នកទេសចរណាម្នាក់ សួរនាំតាមរយៈក្រុមហ៊ុនលោក ដើម្បីធ្វើដំណើរកម្សាន្តនោះទេ។​

បុរសដែលមានកូនពីរនាក់រូបនេះ បាននិយាយថា លោកបានបាត់ការងារដែលមានប្រាក់ចំណូលជាង៦០០ដុល្លារ។ បច្ចុប្បនេះ លោករកចំណូលតាមរយៈការទិញទំនិញប្រើប្រាសប្រើប្រចំាថ្ងៃបន្តិចបន្តូច ដែលគេទិញតាមអនឡាញ ពីភរិយាលោកប៉ុណ្ណោះ។

 របាយការណ៍ពីមន្ទីរព័ត៌មាន ខេត្តសៀមរាប បានឲ្យដឹងពីដីទេសចរណ៍អង្គរមកថា ស្ថានភាពភ្ញៀវទេសចរចូលទៅខេត្តសៀមរាប ក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ មានការធ្លាក់ចុះជាង កាលពីឆ្នាំ២០១៩។

ប្រភពព័ត៌មានផ្លូវការរបស់រដ្ឋបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី ៣០ ខែតុលា មានចំនួនប្រមាណ ៣៨ ៦៤៥នាក់ បានទៅកម្សាន្តនៅក្នុងទឹកដីអង្គរក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៦៤៣  នាក់ ថយចុះ ជាង៨៦% ធៀបឆ្នាំ២០១៩។ ចំណែកភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ៣,៨ម៉ឺននាក់  ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២ ម៉ឺននាក់ និង និង ប្រមាណ ២ ម៉ឺននាក់ទៀតចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា។

​​អ្នកស្រី បូភា អ្នករស់នៅភ្នំពេញម្នាក់ទៀតនិយាយថា អ្នកស្រីមិនទម្លាប់ដើរកម្សាន្តនៅពេលបុណ្យទាននោះទេ ដោយសារបារម្ភថាមានមនុស្សច្រើន។ ជាពិសេសអ្នកស្រីកាន់តែប្រយ័ត្នមពេលមានជំងឺកូវីដ១៩នោះ។ តែអ្នកស្រី បានដឹងថាមិត្តភ័ក្តិរបស់គាត់ជាច្រើន ដែលនិយមចូលចិត្តដើរលេង នៅពេលនេះក៍មិនបានចេញដើរកម្សាន្តដែរ។ អ្នកបូភាថានោះក៍ដោយសារបញ្ហាសេដ្ឋកិច្ច។

“មិត្តភ័ក្តិពួកគេជាអ្នកលក់ដូរ អ្នកខ្លះលក់សម្លៀកបំពាក់ហើយអ្នកខ្លះលក់គ្រឿងអគ្គិសនី និងសំណង់ ប៉ុន្តែពួកគេបានត្អូញថាលក់មិនដាច់ទេ។ ពលរដ្ឋឥឡូវមានការរឹតត្បិតលើការចាយវាយណាស់ ដោយសារគ្រប់គ្នាពិបាករកចំណូល។ ទំនិញមិនសំខាន់និងមិនចាំបាច់ គេមិនទិញឡើយ” អ្នកស្រី បូភា បានបញ្ជាក់។

ក្រៅពីបញ្ហាសេដ្ឋកិច្ច ការបាត់ចំណូលដោយវិបត្តិកូវីដ១៩នោះ មានការកត់សម្គាល់បន្ថែមថា ការដែល​ប្រជាពលរដ្ឋ​មិនសូវ​ចេញដំណើរ​ច្រើន​នៅក្នុងអំឡុងពេល​បុណ្យអុំទូកនេះគឺអាចមកពីពួកគេ​ត្រូវការ​ពេល​សម្រាក​នៅផ្ទះ ដោយសារបានឈប់សម្រាកជាច្រើនដងរួចមកហើយនៅក្នុងប៉ុន្មានខែជាប់ៗគ្នានេះ។ ម្យ៉ាងទៀត អ្នកខ្លះនៅតែបារម្ភខ្ពស់ពីបញ្ហាកូវីដ១៩ ហើយថាតំបន់ទេសចរណ៍ជាច្រើនមិនមានអ្វីប្លែក នៅក្នុងបម្រើការកម្សាន្តរបស់អ្នកទេសចរនោះ។

ទំនងជាមិនបានដើរកម្សាន្តនៅតាមបណ្តាលឆ្ងាយៗ ហើយងាកមកដើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញវិញនោះ បានជាគេសង្កេតឃើញថាមានពលរដ្ឋជាច្រើនបានដើរកម្សាន្ត នៅមុខព្រះបរមរាជវំាងក្នុងពេលអុំទូកនេះ ទោះបើទោះនៅភ្នំពេញ មិនមានការរៀបចំពិធីប្រណំាងទូកង ក្នុងទន្លេសាបមុខព្រះបរមរាជវំាងយ៉ាងណាក្តី ។

មានការលើកឡើងថានៅពេលមានវិបត្តិសេដ្ឋកិច្ច ពលរដ្ឋដែលមានប្រាក់ចំណូលមិន ទៀងទាត់ ហើយតិចទៀតនោះ ប្រហែលជាត្រូវការសន្សំប្រាក់ទុក មិនចំណាយក្នុងការដើរកម្សាន្តឡើយ។ អ្នកដើរកម្សាន្តអាចថាជាពលរដ្ឋដែលមានចំណួលទៀងទាត់ មិនរង ផលប៉ះពាល់ដោយសារជំងឺកូវីដ៕