បច្ចេកទេស​ដាំ​ត្រឡាច​នៅ​លើ​វាលស្រែ​ក្រោយ​ពេល​ច្រូតស្រូវ


កសិករ ហ៊ី ធី អាយុ​៣២​ឆ្នាំ មាន​សមាជិកគ្រួសារ​៤​នាក់ រស់នៅ​ភូមិ​ត្រពាំង​ស្រងែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ គាត់​ជា​កសិករ​សហការ​ជាមួយ​អង្គការ​សេ​ដាក​តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ។ មុន​សហការ​ជាមួយ​សេ​ដាក គាត់​មិន​បាន​រៀបចំ​សួន​បន្លែ​នៅ​ជុំវិញ​ផ្ទះ​ទេ ។ ក្រោយ​ពី​សហការ គាត់​បាន​យល់​ពីសារ​ប្រយោជន៍​នៃ​បន្លែ ផ្លែ​ឈើ និង​ចេះ​នូវ​បច្ចេកទេស​ដាំ​ដុះ​តាម​គោលការណ៍​ធម្មជាតិ ដោយ​គាត់​មាន​ចំណាប់អារម្មណ៍​ក៏​បាន​យក​បច្ចេកទេស​ទាំងនោះ មក​សាកល្បង​ដើម្បី​កែប្រែ​ជីវភាព​របស់​គាត់ ។ បច្ចុប្បន្ន​នេះ នៅ​ជុំវិញ​ផ្ទះ​របស់​គាត់​មាន​សួន​ដំណាំ​ចម្រុះ​ពណ៌​បៃតង​ស្រស់បំព្រង ហើយ​គាត់​ក៏​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ដាំ​ដុះ​ដំណាំ ជា​ពិសេស​ដំណាំ​ត្រឡាច​នៅ​លើ​ដីស្រែ ក្រោយ​ពី​ការ​ប្រមូល​ផល​ស្រូវ​រូ​ច​។ បទ​ពិសោធន៍​ដាំ​ត្រឡាច​របស់​គាត់ យើង​សូម​បង្ហាញ​ជូន​ដូច​ខាងក្រោម​៖

១. ការ​ជ្រើសរើស និង​ទុកដាក់​ពូជ
ដំណាំ​ភាគច្រើន​គាត់​បាន​ដាំ និង​រក្សា​ទុក​ពូជ​ដោយ​ខ្លួនឯង ។ ចំពោះ​ត្រឡាច គាត់​រក្សា​ទុក​ពូជ​ដោយ​ជ្រើសរើស​ផ្លែ​ធំ វែង រលូន​ល្អ គ្មាន​ស្នាម​សត្វ​ទិច​បំផ្លាញ រក្សា​ទុក​នៅ​ដើម​រហូត​ដល់​ត្រឡាច​ទុំ​ល្អ ទើប​បេះ​យក​មក​ពុះ​ប្រមូល​គ្រាប់ និង​លាង​ទឹក​ឱ្យ​អស់​រំអិល រួច​បណ្តែត​យក​គ្រាប់​ស្ពៀត​ចេញ បន្ទាប់​មក​យក​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត ទើប​ច្រក​ដាក់​ដប​ទុក ។

២. ការ​បណ្ដុះ​កូន​ត្រឡាច
មុន​បណ្ដុះ​កូន គាត់​បាន​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​រយៈពេល​១៥​នាទី ដើម្បី​ជួយ​ដាស់​ដំណេក​គ្រាប់ បន្ទាប់​មក​យក​ទៅ​ខ្ចប់​ក្រណាត់​ស្អាត ហើយ​យក​កប់​ទៅ​ក្នុង​ដី​សើម​ៗ​រយៈពេល​២-៣​ថ្ងៃ ដើម្បី​ឱ្យ​គ្រាប់​ដុះ​ពន្លក ។ នៅ​ពេល​ដែល​គ្រាប់​ដុះ​ចេញ​ពន្លក​ហើយ គាត់​បាន​យក​គ្រាប់​ត្រឡាច​ទាំងនោះ​ទៅ​បណ្ដុះ​ដាក់​ក្នុង​កន្ទោង ដើម្បី​ថែរក្សា​ឱ្យ​ដើម​រឹង​មាំ​ល្អ ។ នៅ​ក្នុង​កន្ទោង គាត់​បាន​រៀបចំ​ដាក់​ដី​ដែល​មាន​ជីជាតិ ឬ​ដាក់​ជី​កំ​ប៉ុ​ស្ដ​គោក និង​ធ្វើការ​ស្រោច​ទឹក​រយៈពេល​៤-៦​ថ្ងៃ ទើប​យក​ទៅ​ដាំ​នៅ​ក្នុង​រណ្ដៅ ។

៣. ការ​រៀបចំ​ដី និង​ការ​ដាំ
ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​ហើយ នៅ​លើ​ផ្ទៃដី​២៥​អារ គាត់​បាន​ភ្ជួរ​ដី​កប់​នូវ​កាក​សំណល់​រុក្ខជាតិ ឬ​គល់​ជញ្ជ្រាំង​ទុក​រយៈពេល​១​អាទិត្យ ទើប​ភ្ជួរ​រាស់​ឆូត​ជា​រង ។ បន្ទាប់​មក គាត់​យក​ចំបើង ស្លឹកឈើ ទៅ​រោយ​នៅ​លើ​រង​រួច​ដុត​ដើម្បី​សម្លាប់​មេរោគ និង​ដើម្បី​បាន​ផេះ​ដាក់​ធ្វើ​ជី​ផង​។ គាត់​រៀបចំ​រង​ដាំ​ដែល​មាន​ទទឹង​៣​ម៉ែត្រ ដាំ​២​ជួរ​ទល់​មុ​ក​គា្ន ដើម្បី​ឱ្យដៃ​ត្រឡាច​បោះទង​បាន​វែង ។ ចន្លោះ​ពី​រណ្ដៅ​មួយ​ទៅ​មួយ​១​ម៉ែត្រ និង​ទុក​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ ១​ម៉ែត្រ​សម្រាប់​ផ្លូវ​ដើរ ។ នៅ​លើ​រង គាត់​រែក​ជី​កំ​ប៉ុ​ស្ដ​១​អំ​រែក ដាក់​ចំនួន​៣​រណ្ដៅ បន្ទាប់់​មក ជ្រំ​ជី​កំ​ប៉ុ​ស្ដ​ក្នុង​រណ្ដៅ​ឱ្យ​សព្វ រួច​ស្រោច​ទឹក​ឱ្យ​ជោក​ទើប​ដាក់​កូន​ដាំ ។

៤. ការ​ថែទាំ និង​ដាក់​ជី
ក្រោយ​ពី​បាន​យក​កូន​ត្រឡាច​ទៅ​ដាក់​ដាំ​ហើយ ដើម្បី​ឱ្យ​កូន​ត្រឡាច​ដុះ​លូតលាស់​ល្អ គាត់​ស្រោច​ទឹក​ព្រឹក ល្ងាច រហូត​ដល់​រយៈពេល​១​អាទិត្យ​ទើប​ឈប់​ស្រោច ។ ផុត​រយៈពេល​១​អាទិត្យ​នេះ អាច​ស្រោច​៣​ថ្ងៃ​ម្ដង ឬ​១​អាទិត្យ​ម្ដង ។ ចំពោះ​ការ​ដាក់​ជី​បំប៉ន ធ្វើ​ឡើង​នៅ​ពេល​ត្រឡាច​មាន​អាយុ​១៥​ថ្ងៃ​ម្ដង និង​លើក​ទី​២ ក្រោយ​ពេល​ប្រមូល​ផល​លើក​ទី​១ ។ គាត់​ដាក់​ជី​កំ​ប៉ុ​ស្ដ​នៅ​តាម​ចន្លោះ​គុម្ព​ត្រឡាច ឬ​ចន្លោះ​ពី​រណ្ដៅ​មួយ​ទៅ​មួយ​១​បង្គី កប់​ដី​លុប ។ ការ​ដាក់​ជី​បំប៉ន​នៅ​ពេល​ប្រមូល​ផល​លើក​ទី​១​នេះ ដើម្បី​បង្កើន​ឱ្យ​ត្រឡាច​មាន​ផ្លែ​ច្រើន ធំ មិន​អន់​។ ក្រៅពី​ការ​ដាក់​ជី គាត់​ឧស្សាហ៍​ពូន​គល់ ជម្រះ​ស្មៅ និង​ក្រាល​ចំបើង​នៅ​លើ​រង ដើម្បី​ឱ្យ​ទងត្រឡាច​វារ​បាន​ល្អ ផ្លែ​មិន​ប៉ះ​ផ្ទាល់​នឹង​ដី (​កាលណា​ត្រឡាច​ប៉ះ​ផ្ទាល់​នឹង​ដី​ធ្វើ​ឱ្យ​ឆាប់​រលួយ​) ។

៥. ការ​ប្រមូល​ផល
ក្រោយ​ពី​ដាំ​បាន​រយៈពេល​២​ខែ​កន្លះ គាត់​ចាប់​ប្រមូល​ផល ។ គាត់​បេះ​ត្រឡាច​ពី​៣​ទៅ​៥​ថ្ងៃ​ម្ដង បេះ​លើក​ទី​១​បាន​៥​ទៅ​៦​ឡូ ហើយ​លើក​ទី​២ ទី​៣ ទី​៤ និង​បន្តបន្ទាប់​បាន​រហូត​ដល់​១០​ឡូ ក្នុង​ពេល​ប្រមូល​ផល​ម្តង ។ នៅ​លើក​ចុង​ក្រោយ បេះ​បាន​ពី​៤-៥​ឡូ ។ ការ​ប្រមូល​ផល​នេះ ធ្វើ​រហូត​ដល់​រយៈពេល​ពី​១​ខែ​ទៅ​១​ខែ​កន្លះ ។ បើ​គិត​ជា​សាច់ប្រាក់ ពេល​ប្រមូល​ផល​ម្ដង​ៗ លក់​បាន​ចំនួន ៣៥០០០-៤០០០០ រៀល ។

៦. ការ​សរុប​នូវ​បច្ចេកទេស​សំខាន់​ៗ
សរុប​មក បច្ចេកទេស​ដាំ​ត្រឡាច​សំខាន់​ៗ លើ​វាលស្រែ​មាន​៖
– ជ្រើសរើស​ពូជ ធំ ស្រ​ឡូ​ន មិន​មាន​សត្វ​ទិច​បំផ្លាញ ទុក​ឱ្យ​ទុំ​ល្អ
– បណ្ដុះ​គ្រាប់​ឱ្យ​ដុះ​ពន្លក​សិន មុន​យក​ទៅ​ដាក់​ផ្សាំ​ក្នុង​កន្ទោង
– ពេល​គ្រាប់​ដុះ​ពន្លក យក​ទៅ​បណ្ដុះ​ក្នុង​កន្ទោង​រយៈពេល​៥-៦​ថ្ងៃ
– កាប់​រណ្ដៅ​ដាំ​លើ​រង​ដែល​មាន​ទទឹង​៣​ម៉ែត្រ ដាំ​សងខាង​ឱ្យ​បោះទង​ទល់មុខ​គ្នា
– ស្រោច​ទឹក​រយៈពេល​១​អាទិត្យ (​ព្រឹកល្ងាច​) ក្រោយ​ពី​ដាំ បន្ទាប់​មក​បន្ថយ​នៅ​៣​ថ្ងៃ​ម្ដង ឬ​១​អាទិត្យ​ម្ដង រហូត​ដល់​ប្រមូល​ផល
– ប្រើ​ជី​កំ​ប៉ុ​ស្ដ​ដាក់​ទ្រាប់​ក្នុង​រណ្ដៅ​ពេល​ដាំ និង​ប្រើ​បំប៉ន​២​លើក (​ទី​១ ក្រោយ​ដាំ​១៥​ថ្ងៃ លើក​ទី​២​នៅ​ពេល​ប្រមូល​ផល​លើក​ទី​១)
– ក្រាល​ចំបើង​នៅ​លើ​រង​ដើម្បី​ឱ្យ​ត្រឡាច​ផ្លែ​លើ​ចំបើង (​កុំ​ឲ្យ​ប៉ះ​ដី​ផ្លែ​ឆាប់​រលួយ​)
– ក្នុង​ពេល​បេះ​ប្រមូល​ផល​ម្ដង​ៗ ត្រូវ​ស្រោច​ទឹក​ដើម្បី​ឱ្យ​ផ្លែ​ត្រឡាច​ចេញ​ក្រោយ​ថ្លោស​ល្អ និង​ផ្លែ​ច្រើន ។

សរុប​មក ការ​ដាំ​ត្រឡាច​ក្រោយ​ពេល​ច្រូតស្រូវ​រួច អាច​ជួយ​បង្ក​លទ្ធភាព​ឱ្យ​កសិករ​បាន​ប្រាក់​ចំណូល​បន្ថែម និង​ជួយ​គ្រប​ថែរក្សា​ដីស្រែ​នៅ​រដូវប្រាំង​ថែម​ទៀត​ផង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ