ទីបំផុត ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours សុំទោសពលរដ្ឋខ្មែរជាសាធារណាក្រោយពីផ្សាយ ខុសពីអង្គរវត្ត


រាជធានីភ្នំពេញ ៖ នៅទីបំផុត ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ដែលទើបរងប្រតិកម្មយ៉ាងខ្លំាងពីប្រជាពលរដ្ឋកម្ពុជា ដែលបានផ្សាយខុស ដោយដាក់ពាក្យ «VIETNAM» លើរូបប្រាសាទអង្គរវត្តនោះ បានចេញលិខិតសុំទោសជាសាធារណៈដល់ប្រជាជាតិកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ ។

ជាមួយការសូមទោសជាសាធារណៈ តាមលិខិត ក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយនេះ បានសន្យាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍នៅចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ផងដែរ។

សូមរំលឹកថា ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ជាទីភ្នាក់ងារទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស និងមានសាខានៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ នោះកាលពីពេលថ្មីៗកន្លងទៅ បានផ្សព្វផ្សាយកម្មវិធីទស្សនកិច្ចរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលមានរូបភាពតំបន់ ទេសចរណ៍ជាច្រើន ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺក្រុមហ៊ុនបានច្រឡំដាក់ពាក្យ VIETNAM នៅលើរូបភាពប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យមានការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសាធារណជន។

ក្រសួងទេសចរណ៍ បានប្រតិកម្មជាបន្ទាន់ទៅកាន់ក្រុមហ៊ុន Wendy Wu Tours ដើម្បីឱ្យក្រុមហ៊ុនកែសម្រួលឡើងវិញ និងសុំទោសជាសាធារណៈ៕



Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ