តម្លៃ​សណ្តែកបាយ​ឆ្នាំ​នេះ​​ធ្វើ​ឱ្យ​ប្រជា​កសិករ​ព្រួយបារម្ភយ៉ាង​ខ្លាំង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តម្លៃ​សណ្តែកបាយ​ឆ្នាំ​នេះ​​ធ្វើ​ឱ្យ​ប្រជា​កសិករ​ព្រួយបារម្ភយ៉ាង​ខ្លាំង

3 ឆ្នាំ មុន
  • Preah Vihear

ខេត្តព្រះវិហារ ៖ ផ្ទៃដី​ដាំ​ដុះ​សណ្តែកបាយ របស់​កសិករ​នៅ​ខេត្តព្រះវិហារ​ឆ្នាំ​នេះ​ឃើញ​ថា ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​ពួក​គាត់​និយាយ​ថា ការ​ដាំ​ដុះ​ឆ្នាំ​នេះ​ជា​ការ​ផ្សងព្រេង ព្រោះ​ពួក​គាត់​កំពុង​បារម្ភ​នឹង​តម្លៃ​ទីផ្សារ​ក្នុង​ពេល​ប្រមូល​ផល​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​កសិករ​ខ្លះ​បាន​ប្តូរ​ពី​ការ​ដាំ​ដុះ​ដំណាំ​នេះ​មក​ដាំចេក​វិញ ដែល​សង្ឃឹមថា…

ខេត្តព្រះវិហារ ៖ ផ្ទៃដី​ដាំ​ដុះ​សណ្តែកបាយ របស់​កសិករ​នៅ​ខេត្តព្រះវិហារ​ឆ្នាំ​នេះ​ឃើញ​ថា ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​ពួក​គាត់​និយាយ​ថា ការ​ដាំ​ដុះ​ឆ្នាំ​នេះ​ជា​ការ​ផ្សងព្រេង ព្រោះ​ពួក​គាត់​កំពុង​បារម្ភ​នឹង​តម្លៃ​ទីផ្សារ​ក្នុង​ពេល​ប្រមូល​ផល​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​កសិករ​ខ្លះ​បាន​ប្តូរ​ពី​ការ​ដាំ​ដុះ​ដំណាំ​នេះ​មក​ដាំចេក​វិញ ដែល​សង្ឃឹមថា ទទួលផល​ចំណេញ​ច្រើន​ជាង​សណ្តែកបាយ ។

នៅ​ក្នុង​ចម្ការ​សណ្តែក អ្នកស្រី សែ​ម ស៊ីនួន ជា​កសិករ​រស់នៅ​ភូមិ​ស្រមូវ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ អ្នកស្រី​នៅ​តែ​បន្ត​ដាំ​ដុះ​សណ្តែកបាយ​ដដែល ដោយ​ជួល​ដី​ពី​គេ​ក្នុ​១​ហិ​កតា​១​រដូវ​តម្លៃ​ចន្លោះ​ពី​១​លាន​៥​សែន​រៀល​ទៅ​២​លាន​រៀល ។ ការ​ដាំ​ដុះ​នោះ​ចាប់ពី​ខែមីនា​ទៅ រហូត​ដល់​ចុងខែ​ឧសភា​ឬ​ដើមខែ​មិថុនា​អាច​ប្រមូល​ផល​បាន​ហើយ តែ​ពួក​គាត់​កំពុង​បារម្ភ​ខ្លាច​នៅ​ពេល​ប្រមូល​ផល​សណ្តែកបាយ ឈ្មួញ​បង្អាប់ថ្លៃ​ដូច​ឆ្នាំ​មុន​ទៀត ។

អ្នកស្រី​បញ្ជាក់​ថា ការ​ដាំ​ដុះ​នេះ​ដូច​ជា​ការ​ផ្សងព្រេង​របស់​កសិករ ព្រោះ​បច្ចុប្បន្ន​មិន​ទាន់ដឹង​ថា ទីផ្សារ​សណ្តែកបាយ​នេះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ​ក្នុង​១​គីឡូក្រាម ។ កាលពី​៥​ទៅ​៦​ឆ្នាំ មុន តម្លៃ​ទីផ្សារ​សណ្តែកបាយ​គួរសម​ដែរ ដែលអាច​ឲ្យ​កសិករ​ទទួលយក​បាន គឺ​ចន្លោះ​ពី​៤.០០០​រៀល​ទៅ​៥.០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ប៉ុន្តែ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​មានការ​ធ្លាក់​ថ្លៃ​រហូត​មិនឃើញ​ឡើង​វិញ​ទេ ដោយ​ទទួល​បាន​តម្លៃ​ទាប​បំផុត​គឺ​ពី​២.០០០​រៀលទៅ​២.៥០០​រៀល ដល់​ពេល​ប្រមូល​ផល​មកដោះស្រាយ​សង​ថ្លៃ​ដាំ​ដុះ​មិន​គ្រាន់​ផង​។ ជាក់ស្តែង​ឆ្នាំទៅ​មិ​ញ ការ​ប្រមូល​ផល​សណ្តែក​របស់​កសិករ​ឃើញ​ថា ផល​បាន​យក​មក​លក់​មិន​ស្មើនឹង​ថ្លៃ​ថ្នាំ​បាញ់​សម្លាប់​ដង្កូវ​នោះ​ទេ ព្រោះ​ឆ្នាំ​មុន មាន​បាតុភាព​ដង្កូវ​ហ្វូង​ស៊ី​បំផ្លាញ​ដំណាំ​ពួក​គាត់ ។

អ្នកស្រី​សង្ឃឹមថា ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​នឹងជួយ​ស្វែងរក​ទីផ្សារ​និង​បង្កើន​តម្លៃ​ទីផ្សារ​សណ្តែកបាយ​នេះ ដល់​ពួក​គាត់​ជា​កសិករ​ឲ្យ​បាន​សមរម្យ​ផង ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់​ឲ្យ​មាន​ភាព​ធូរធារ​បន្ថែម​ទៀត ។

ដោយឡែក​អ្នកស្រី រស់ សុ​គា ជា​អ្នក​ដាំ​ដុះ​សណ្តែកបាយ​មួយ​រូប​ដែរ នៅ​សង្កាត់​ប៉ា​ល ហាល ក្រុង​ព្រះ​វិហារ បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​អ្នកស្រី​ដាំ​សណ្តែកបាយ​ជា​លើក​ចុង​ក្រោយ ហើយ ព្រោះថា​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ដល់​ពេល​ប្រមូល​ផល អ្នកស្រី​លក់​សណ្តែកបាយ​ខាត​រហូត ដោយសារ​តែ​តម្លៃ​ទីផ្សារ​ថោក លក់​មិន​រួច​ដើម ។ អ្នកស្រី​អះអាង​ថា នៅ​ឆ្នាំ​ក្រោយ អ្នកស្រី​នឹង​ងាក​មក​ចាប់​យក​ការ​ដាំចេក​វិញ​ម្តង ព្រោះ​ដំណាំ​ចេក​នេះ នៅ​ខេត្តព្រះវិហារ​បច្ចុប្បន្ន​មាន​តម្លៃ​ថ្លៃ​គូរ​សម​ជាង​សណ្តែកបាយ ហើយ​ក៏​មិន​មាន​បញ្ហា​ទីផ្សារ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​សណ្តែក​នោះ​ទេ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ដំណាំ​សណ្តែកបាយ​ឆ្នាំ​នេះ​មានការ​លូតលាស់​ល្អ​ណាស់ ស្ទើរតែ​១០០% ដោយសារ​តែ​អំណោយផល​ពី​ធម្មជាតិ គឺ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ មិន​ដូច​ឆ្នាំ​មុន​ឡើយ ដែល​កសិករ​ដាំ​សណ្តែកបាយ​ឆ្នាំ​មុន រង​ការ​បំផ្លាញ​ពី​ដង្កូវ​ហ្វូង ។ លោក​បញ្ជាក់​ថា ប្រ​សិន​ណា​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ នោះ​បញ្ហា​បំផ្លាញ​ដំណាំ​សណ្តែក​ដោយ​សត្វ​ដង្កូវ​នឹង​មិន​មាន​ឡើយ​។

ដោយឡែក​ជុំវិញ​តម្លៃ​ទីផ្សារ លោក​ប្រធានមន្ទីរ​អះអាង​ថា នៅ​ពេល​ប្រមូល​ផល​កសិករ​ដែល​បាន​ដាំ​ដុះ ប្រមូល​ផល​ដើមដៃ​មិន​មាន​បញ្ហា​ទេ ព្រោះ​សណ្តែកបាយ​នេះ​មាន​តម្លៃ​ចាប់ពី​៣.០០០​រៀល​ទៅ​៤.០០០​រៀល ប៉ុន្តែ​កសិករ​ខ្លះ​ដែល​ដាំ​ដុះ​យឺតយ៉ាវ នឹង​ប្រមូល​ផល​ចុងដៃ អាច​នឹង​លក់​សណ្តែកបាយ​នេះ​ធ្លាក់​ថ្លៃ​បន្តិច ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​ឆ្នាំ​២០១៧​នេះ​បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​សណ្តែកបាយ​មាន​ចំនួន​ជិត​១​ម៉ឺន​ហិ​កតា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ គឺ​ប្រហាក់ប្រហែល​គ្នា ៕