តម្លៃ​ឈូក​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​កសិករ​អ្នក​ដាំ​ជួប​ការ​លំបាក​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តម្លៃ​ឈូក​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​កសិករ​អ្នក​ដាំ​ជួប​ការ​លំបាក​

3 ឆ្នាំ មុន
  • Prey Veng

ខេត្ដព្រៃវែង ៖ ប្រជា​កសិករ​ជា​អ្នក​ប្រកប​របរ​ដាំ​ឈូក​លក់​បាន​រអ៊ូរទាំ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ​តម្លៃ​ឈូក​ទុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង ខុស​ពី​ឆ្នាំ​មុន ហើយ​ឈូក​នោះ​ទៀត​សោត​ក៏​មាន​ជំងឺ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកប​របរ​នេះ ។ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង បាន​លើក​ឡើង​ថា…

ខេត្ដព្រៃវែង ៖ ប្រជា​កសិករ​ជា​អ្នក​ប្រកប​របរ​ដាំ​ឈូក​លក់​បាន​រអ៊ូរទាំ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ​តម្លៃ​ឈូក​ទុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង ខុស​ពី​ឆ្នាំ​មុន ហើយ​ឈូក​នោះ​ទៀត​សោត​ក៏​មាន​ជំងឺ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកប​របរ​នេះ ។

ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង បាន​លើក​ឡើង​ថា ពួក​គាត់​បាន​នាំ​គ្នា​ងាក​មក​ចាប់​យកមុខ​របរ​ដាំ​ឈូក ជំនួស​ឱ្យ​ការ​ធ្វើស្រែ​ចំការ ព្រោះ​គិត​ថា​ការ​ដាំ​ឈូក វា​បាន​ផល​ចំណេញ​ជាង​ស្រូវ ខណៈ​ដី​ទំហំ​ប៉ុនគ្នា ឈូក​អាច​ទទួលផល​បាន​ច្រើន​ជាង​ស្រូវ រីឯ​តម្លៃ​ទៀត​សោត​ក៏​ខ្ពស់​ជាង​គ្នា​ផង​ដែរ​កាលពី​ឆ្នាំ​កន្លង​ទៅ ។ ប៉ុន្តែ​នៅ​ក្នុងឆ្នាំនេះ​ហាក់​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​មាន​អ្នក​ដាំ​ច្រើន​ពេល​ឈូក​ទុំ​បែរជា​ធ្លាក់​ថ្លៃ ហើយ​នៅ​មាន​ជួប​ប្រទះ​ជំងឺ​មួយ​ចំនួន​ទៀត​ទៅ​លើ​ឈូក ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​ចំណាយ​ដើមទុន​បន្ថែម​ទៀត​ទៅ​លើ​ជី​និង​ថ្នាំ​មក​បំប៉ន​ដើម​ឈូក ។

ប្រជា​កសិករ​ឈ្មោះ យ៉ឺ​ត ភា​រ៉ា មាន​ទីលំនៅ​ភូមិ​មេសរ​ប្រ​ចាន់​លើ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​គាត់​ដាំ​ឈូក​មិន​ចំណេញ​ទេ ព្រោះថា​ទិន្នផល​ឈូក​បាន​តិចតួច ហើយ​លក់​បាន​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន ដោយ​កាលពី​ឆ្នាំ​មុន​ឈូក​១​គីឡូក្រាម​តម្លៃ​ចាប់ពី​៨០០០​រៀល​ទៅ ១១.០០០​រៀល តែ​ឆ្នាំ​នេះ​តម្លៃ​នៅ​តែ​៤.០០០​រៀល​ទៅ​៦.០០០​រៀល​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ។ គាត់​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ឈូក​ធ្លាក់​ចុះ​បែប​នេះ គឺ​ដោយសារ​តែ​កសិករ​មក​ចាប់អារម្មណ៍​ការ​ដាំ​ឈូក​ច្រើន និង​ម្យ៉ាងទៀត​ឈូក​ក្នុងឆ្នាំនេះ ជួប​ជំងឺ​ក្រា​សី​ុ​ទៀត ដែល​ធ្វើ​ឱ្យ​ឈូក​មិន​ងាយ​លូតលាស់​ជា​ហេតុ​ធ្វើ​ឱ្យ​ខាត​ពេល​ថែទាំ និង​ត្រូវ​ចំណាយ​ដើមទុន​បន្ថែម​ទៅ​លើ​ការ​ដាក់​ជី និង​បាញ់ថ្នាំ ។

លោក យ៉ឺ​ត ភា​រ៉ា បាន​បញ្ជាក់​ថា ក្នុង​ទំហំ​ដី​មួយ​ហិ​កតា ត្រូវ​ការកូន​ឈូក​ចាប់ពី​៥.០០០​ដើម ទៅ​៨.០០០​ដើម ដែល​ក្នុង​មួយ​ដើម​តម្លៃ​២០០​រៀល ។ ហើយ​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ យើង​ត្រូវ​ចំណាយពេល​ថែរក្សា​ចាប់ពី​៣​ខែ​ឡើង​ទៅ ទើប​អាច​ប្រមូល​ផល​បាន  យើង​អាច​ប្រមូល​ផល​ពី​២​ទៅ​៤​ដង​ក្នុង​មួយ​លើក ដែល​រយៈពេល​នេះ​គឺ​ក្នុង​លក្ខខណ្ឌ​ឈូក​មិន​មាន​ជំងឺ តែបើ​ឈូក​មាន​ជំងឺ​វិញ​គឺ​ត្រូវ​ប្រើ​រយៈពេល​ច្រើន​ជាង​នេះ​។ លោក​បន្ថែម​ថា ក្នុង​ទំហំ​ផ្ទៃដី​១​ហិ​កតា​គឺ​ទទួលផល​ជា​មធ្យម​ចាប់ពី​១០០០​គីឡូក្រាម​ទៅ​៣០០០​គីឡូក្រាម​តាម​ដី​ល្អ​ឬ​មិនសូវ​ល្អ បូក​រួម​ទាំង​ការ​ថែទាំ​ដិត​ដល់​ផង ។

ជាមួយ​គ្នា​នេះ​ដែរ​គាត់​សង្ឃឹមថា តម្លៃ​ឈូក​នឹង​ឡើងថ្លៃ​វិញ​ទើប​ជីវភាព​គ្រួសារ​ពួក​គាត់​ប្រសើរ​ឡើង តែបើ​នៅ​តែ​ថោក​បែប​នេះ​គឺ​ប្រាកដជា​យ៉ាប់​ហើយ ៕