កូវីដ១៩ ៖ ផ្ទះ និងដីដាក់លក់ច្រើន តែគ្មានអ្នកទិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូវីដ១៩ ៖ ផ្ទះ និងដីដាក់លក់ច្រើន តែគ្មានអ្នកទិញ

3 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ភ្នាក់ងារទិញលក់អចលនទ្រព្យជាច្រើនបានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ បានបង្ខំឲ្យពលរដ្ឋមួយចំនួនដាក់អចលនទ្រព្យរបស់ខ្លួនជាផ្ទះ ឬដីលក់ជាច្រើន​ ប៉ុន្តែ​មិនសូវមានអ្នកទិញនោះឡើយ ។​ អ្នកដាក់លក់ផ្ទះលក់ដីខ្លះជាពលរដ្ឋបាត់បង់ចំណូលពីមុខរបរមិនកាកកប ។…

រាជធានីភ្នំពេញ ៖ ភ្នាក់ងារទិញលក់អចលនទ្រព្យជាច្រើនបានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ បានបង្ខំឲ្យពលរដ្ឋមួយចំនួនដាក់អចលនទ្រព្យរបស់ខ្លួនជាផ្ទះ ឬដីលក់ជាច្រើន​ ប៉ុន្តែ​មិនសូវមានអ្នកទិញនោះឡើយ ។​

អ្នកដាក់លក់ផ្ទះលក់ដីខ្លះជាពលរដ្ឋបាត់បង់ចំណូលពីមុខរបរមិនកាកកប ។ ខ្លះបង្ខំលក់ដីលក់ផ្ទះ ដោយសារបាត់បង់ការងារ ។ លក់ផ្ទះលក់ដី ដើម្បីសម្រួលការលំបាកផ្នែកសេដ្ឋកិច្ច ហើយអ្នកខ្លះទៀតលក់ដីលក់ផ្ទះ ដើម្បីសងបំណុលធនាគារ ។ បើតាមភ្នាក់ងារដីធ្លីថា ដីផ្ទះដែលលក់ខ្លះ មានម្ចាស់ទិញបង់រំលោះផងដែរ ។

លោក សុផល ភ្នាក់ងារ អចលនទ្រព្យម្នាក់បានឲ្យដឹងថា ពលរដ្ឋដែលបង្ខំដាក់​អចលនទ្រព្យ ភាគច្រើនជាអ្នកដែលមានជីវភាពមធ្យម ប៉ុន្តែពួកគាត់បានបង់ចំណូលការងារ និងប្រាក់ចំណូល នៅពេលមានវិបត្តិកូវីដ១៩នេះ ដូច្នេះពួកគាត់បានបង្ខំចិត្តលក់ផ្ទះ លក់ដីដែលខ្លួនមាន ដើម្បីដោះស្រាយបញ្ហាជីវភាព និងការជំពាក់ធនាគារ ។

បើតាមភ្នាក់ងារដីធ្លីរូបនេះឲ្យដឹងថា ផ្ទះ និងដីដាក់លក់នៅពេលនេះ ភាគច្រើនជាប្រភេទអចលនទ្រព្យ ស្ថិតនៅក្នុងតម្លៃពី២០ម៉ឺនដុល្លារចុះក្រោម​ ។ «ខ្ញុំបានជួបពួកគាត់ភាគច្រើនគឺពលរដ្ឋដែលបានទិញផ្ទះបង់រំលោះពីបុរី ឬជាប់បំណុលធនាគារ។ នៅពេលគាត់បាត់បង់ចំណូលគាត់បង្ខំលក់ផ្ទះវិញ ដើម្បីសង់គេ ។ ពួកគាត់ជាច្រើនធ្វើការនៅផ្នែកសណ្ឋាគារ ឬសេវាកម្មនានាដែលកន្លែងធ្វើការគាត់បិទទ្វារ ធ្វើឲ្យគាត់គ្មានប្រាក់សងធនាគារ ។ ដូច្នេះគាត់បង្ខំលក់ពផ្ទះទោះបីត្រូវខាតឬត្រឹមរួចខ្លួន»។

អ្នកស្រីមុំ ជាភា្នក់ងារអចលនទ្រព្យម្នាក់ទៀតនៅភ្នំពេញ ។ អ្នកស្រីទទួលស្គាល់ថានៅពេលមានវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩នេះ ពលរដ្ឋជាច្រើនបានបង្ខំចិត្តលក់អចលនទ្រព្យរបស់ខ្លួន ប៉ុន្តែអ្នកស្រីថាគ្មានអ្នកទិញនោះឡើយ។ «អ្នកខ្លះសុទ្ធចិត្តលក់ខាត ប៉ុន្តែនៅតែគ្មានអ្នកទិញ ។ ខ្ញុំយល់ថានៅកាលៈទេសៈនេះ អ្នកមានប្រាក់ល្មមៗក៍ពួកគាត់មិនចង់វិនិយោគឬទិញផ្ទះទិញដីទុកចំណេញដូចពេលមុនមានកូវីដ១៩។ ប្រការនេះធ្វើឲ្យអចលនទ្រព្យ ដាក់លក់ លក់មិនចេញ» ។

ភ្នាក់ងារអចលនទ្រព្យជាច្រើនបានត្អូញត្អែរថានៅពេលការទិញលក់មិនមានសកម្មបែបនេះ ភ្នាក់ងារអចលទ្រព្យខ្លួនឯងក៍បានបង់ចំណូលដែរ ។ អ្នកស្រីមុំខ្លួនឯងបានពោលដូច្នេះ«ខ្ញុំសឹងរកចំណូលមិនបានទេនៅពេលនេះ នៅក្នុងមួយខែៗនោះ ពីព្រោះយើងពិបាករកភ្ញៀវដែលចង់ទិញផ្ទះដីណាស់។ នៅក្នុងពេលវិបត្តិបែបនេះ គ្រប់គ្នាប្រាកដជាលំបាកខាងសេដ្ឋកិច្ច» ។

ទោះយ៉ាងណាភ្នាក់ងារលក់ទិញលក់អះអាងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាមិនធ្លាក់ថ្លៃឡើយ ហើយនៅពេលមានដំណឹងថាមានវ៉ាក់សំាងកូវីដទៀតនោះ ទីផ្សារអចលនទ្រព្យអាចនឹងអាចមានសកម្មភាពឡើងវិញក្នុងពេលឆាប់ៗនេះ ៕