ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​បឹង​ទន្លេសាប


បឹង​ទន្លេសាប គឺជា​តំបន់ដីសើម​ទឹកសាប​ដែល​មាន​សារសំខាន់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ បឹង​ទន្លេសាប បាន​ទ្រទ្រង់​ដល់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​តាម​រយៈ​ផលិតភាព​ដ៏​ធំធេង សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក និង​ផ្តល់​ជម្រក​សម្រាប់​ប្រភេទ​ជីវចម្រុះ​សំខាន់​ៗ​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​។ ទោះបី​ជាយា​៉​ង​ណា​ក៏​ដោយ ចំនួន​ប្រជាជន និង​សម្ពាធ​នៃ​ការ​អភិវឌ្ឍ​តំបន់​ដ៏​សំខាន់​នេះ​មានការ​កើន​ឡើងជា​លំដាប់​រៀង​រាល់​ឆ្នាំ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​តំបន់​ការពារ​ដែន​ជីវចម្រុះ​បឹង​ទន្លេសាប (The Tonle Sap Biosphere Reserve TSBR) ក្នុង​ខែកុម្ភៈ ឆ្នាំ​២០០១ ជា​ចំណុចរួម​នៃ​ការ​អភិវឌ្ឍ​និង​គ្រប់គ្រង​បរិស្ថាន ។ ការ​បង្កើត​តំបន់​ការពារ​ដែន​ជីវចម្រុះ​បឹង​ទន្លេសាប បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គំរាមកំហែង​មួយ​ចំនួន​ធំ​ចំពោះ​បឹង​ទន្លេសាប ក៏​ប៉ុន្តែ​បញ្ហា​ទាំងនេះ​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​តាម​រយៈ​រាជរដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន ។

កន្លង​មក ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ទទួលស្គាល់​ថា ការ​អភិរក្ស និង​ការ​គ្រប់គ្រង​ប្រកបដោយ​ចីរភាព​នៃ​ប្រភព​ធនធានធម្មជាតិ និង​ជីវចម្រុះ គួរតែ​ត្រូវ​គិតពិចារណា​ពី​ទស្សនវិស័យ​នៃ​សមត្ថភាព ដែល​អាច​ចិញ្ចឹមជីវិត​មនុស្ស​របស់​អាង​ទឹក​បឹង​ទន្លេសាប ។ ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ទស្សនវិស័យ​នេះ គម្រោង​គ្រប់គ្រង​បរិស្ថាន​បឹង​ទន្លេសាប (២០០២) មាន​គោលបំណង​សំដៅ​បង្កើត​នូវ​ប្រព័ន្ធ​ទាំងឡាយ និង​អភិវឌ្ឍន៍​សមត្ថភាព​សម្រាប់​ការ​សម្របសម្រួល​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​ធ្វើ​ផែនការ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​មានការ​ចូលរួម​ពី​សហគមន៍ និង​ការ​អភិរក្ស​ជីវចម្រុះ​ក្នុង​ដែន​ការពារ​ជីវចម្រុះ ។ បើសិនជា​គ្មាន​ការ​គ្រប់គ្រង​អភិវឌ្ឍ និង​អភិរក្ស​បែប​នេះ​ទេ​នោះ បឹង​ទន្លេសាប​នឹង​ក្លាយទៅជា​តំបន់​ដែល​មាន​ផលិតផល​ទាប​ទៅ​ៗ​ជា​លំដាប់ ។

គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក៏​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​បង្កើត​នូវ​ក្រប​ខណ្ឌ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​និង​អភិរក្ស ការ​បង្កើត​ស្ថាប័ន​គ្រប់គ្រង​ធនធានធម្មជាតិ ដោយ​មានការ​ចូលរួម​ពី​សហគមន៍ ជំរុញ​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព បង្កើត​យន្តការ​នៃ​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​តំបន់​ស្នូល​ដោយ​សហគមន៍ កែ​លំអ​អាង​ទឹក​ឱ្យ​ធំ​ទូលាយ ជំរុញ​ការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​មូលដ្ឋាន​ទិន្នន័យ  និង​លើកទឹកចិត្ត​សេវា​ផ្សព្វផ្សាយ​ឱ្យទៅ​ជា​ច្បាប់ទម្លាប់ ។ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​គ្រប់គ្រង​កាក​សំណល់ ការ​ផ្គត់ផ្គង់​ទឹក​និង​អនាម័យ ទីស្នាក់ការ​ចែកចាយ​ត្រី ទេសចរណ៍ធម្មជាតិ និង​ឥណទាន​ជនបទ និង​មីក្រូហិរញ្ញវត្ថុ​ក៏​ត្រូវធ្វើ​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ​ផង​ដែរ ។

យុទ្ធសាស្ត្រ និង​កម្មវិធី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​សម្រាប់​ប្រទេស​កម្ពុជា ឆ្លុះ​បញ្ចាំង​ទៅ​នឹង​វិធានការ​ដ៏​ទូលំទូលាយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ចំពោះ​បឹង​ទន្លេសាប ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​រំពឹង​ថា នឹង​បន្ត​ស្រាវជ្រាវ​១០​ឆ្នាំ​បន្ទាប់​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ