ការ​កំណត់​ប្រភេទ​សត្វ និង​រុក្ខជាតិ​ជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា


១-​គោព្រៃ (Bos sauveli )​ជា​សត្វចតុប្បាទ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឈ្មោះ​គោព្រៃ​ជា​ន័យ​ដើម និង​ន័យត្រង់​នៃ​ភាសាជាតិ​ខ្មែរ​តែ​ម្តង ហើយ​ត្រូវ​បាន​សត្ត​វិទូ​អន្តរជាតិ​ទទួលស្គាល់ និង​ដាក់​នាម​ដូច​ៗ​គ្នា ទោះជា​ភាសា​អង់គ្លេស អេ​ស្ប៉ា​ញ និង​បារាំង​គឺ​ប្រើ​ពាក្យ​តែ​មួយ «Kouprey» ។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ «Bos sauveli» មាន​ប្រវែង​ដងខ្លួន​ពី​២,១-២,៣​ម៉ែត្រ មាន​កម្ពស់​ពី​១,៧-១,៩​ម៉ែត្រ និង​ទម្ងន់​ពី​៧០០-៩០០​គីឡូក្រាម ។ គោព្រៃ​មាន​រូបរាង​ស្រ​ដៀង​នឹង​ទន្សោង មាន​បួរ​វែង​ធ្លាក់​ចុះ​ដល់​ជង្គង់ និង​ហៀរ​ស្ទើរតែ​ដល់​ដី​ចំពោះ​គោ​ឈ្មោល ។ ស្នែង​គោព្រៃ​ឈ្មោល​និង​ញី មាន​លក្ខណៈ​ប្លែក​គ្នា ដោយ​ស្នែង​ឈ្មោល​ធំ​ជាង ដុះ​ចេញ​កោង​ទៅ​មុខ និង​ងើបឡើង​លើ​ព្រមទាំង​មាន​ព្រុយ​ចុង​ស្នែង ។ ស្នែង​ញី​ដុះ​មក​ខាង​មុខ​រាង​ងើប​បន្តិច ហើយ​កួច​រមួល​ឡើង​លើ​។ ចាប់ពី​ជើង​ក្រោម​ជង្គង់​ចុះ​មក​មាន​ពណ៌​ស ឬ​ប្រផេះ និង​ប្រផេះ​ចាស់ នៅ​ពេល​មាន​អាយុ​ច្រើន ។ កាលពី​សម័យ​មុន​សង្គ្រាម គោព្រៃ​ត្រូវ​ហាម​បរបាញ់​តាម​រយៈ​ប្រកាស​លេខ​១៩១ ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​១៩៦០ ។ ក្រោយ​របប​ប៉ុ​ល ពត គោព្រៃ​ក៏​ត្រូវ​ហាម​បរបាញ់​ម្តងទៀត តាម​រយៈ​ប្រកាស​លេខ​៣៥៩ ក​សក​.​ប្រក ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​១៩៩៤ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ គោព្រៃ​ត្រូវ​ហាមឃាត់​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​បាន​ចុះ​ក្នុង​បញ្ជី​ឧ​ប​សម្ព័ន្ធ I នៃ​អនុ​សញ្ញា CITES និង​អនុសញ្ញា Convention on Migratory Species ។ ពិភពលោក​បាន​ចាត់​ទុក​គោព្រៃ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត (Critical Endangered) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN ។ ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​និង​ប្រកាស​ថា គោព្រៃ​ជា​និមិត្តរូប​នៃ​មរតក​ធម្មជាតិ​កម្ពុជា​។ គោព្រៃ​ក៏​ត្រូវ​ចារឹក​ទុក​នៅ​ក្នុង​បទ​ចម្រៀង​ប្រជាប្រិយ​របស់​ខ្មែរ តាំងពី​យូរយារ​ណាស់​មក​ហើយ ជា​ពិសេស​បទ​ចម្រៀង​ដែល​មាន​លក្ខណៈ​រៀបរាប់​អំពី​ធម្មជាតិ ប្រដូច​ភាព​សុខសាន្ត​នៃ​ការ​រស់នៅ​រវាង​មនុស្ស សត្វ និង​ធម្មជាតិ គឺ​តែ​មួយ​។ គោព្រៃ​ជា​ថនិកសត្វ​ស្លូត រស់នៅ​ជា​ហ្វូង​ៗ  អាច​ឃើញ​មាននៅ​លាយ​ជាមួយ​ហ្វូង​ទន្សោង ខ្ទីង ឬ ប្រើស ។ ជា​សត្វ​វាងវៃ រហ័សរហួន​ឆាប់​ភ្ញាក់ផ្អើល​ជាង​ប្រភេទ​សត្វ​ក្នុង​ត្រកូល​គោ​សាទិស ដូច​គ្នា​ពូកែ​ស្រង់ក្លិន និង​គេចវេះ​ចេញពី​មនុស្ស ។ មាន​កម្លាំង​ខ្លាំងពូកែ ធន់​នឹង​កម្ដៅថ្ងៃ អត់ធន់​នឹង​ចំណីអាហារ​ដែល​មានគុណ​ភាព​ទាប និង​ធន់​នឹង​ជំងឺ​គោ​ឆ្កួត ។

២-​ត្រយង (Pseudibis gigantea) ជា​បក្សី​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឈ្មោះ​ជា​ភាសាជាតិ «​ត្រយង ឬ​ក្ង​យក្ស ឬ​ឪ​លើក​» ។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ​« Pseudi bis gigantea» និង​ជា​ភាសា​អង់គ្លេស​គឺ «Giant Ibis» ។ វា​មាន​ពណ៌​សម្បុរ​ប្រផេះ​ក្រមៅ ជើង​ពណ៌​ក្រហមព្រលែត ចំពុះ​រាង​កោង​ខុប​ចុះ និង​ប្រវែង​ដងខ្លួន​១០៤​សង្ទីម៉ែត្រ ។ ប្រភេទ​នេះ​ត្រូវ​ការពារ​ដោយ​ប្រកាស​លេខ​៣៥៩ ក​សក​.​ប្រក ចុះ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​១៩៩៤ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ពិភពលោក​ក៏​បាន​ចាត់​ទុក​ត្រយង​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត (Critical Endangerd) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN ដូច​គ្នា​នឹង​គោព្រៃ​ដែរ​។ ត្រយង ជា​ប្រភេទ​សត្វ​ស្លាប​ដែល​កាលពីដើម​ឡើយ​មាន​រាយ​បា​៉​យ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មាននៅ​តែ​ក្នុង​ភូមិភាគ​ខាងជើង​និង​ឦសាន​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ។ សត្វ​ត្រ​យ ង​មាន​ចារឹក​ក្នុង​បទ​ចម្រៀង​ប្រជាប្រិយ និង​រឿងនិទាន​បុរាណ​ខ្មែរ ។ ប្រជារាស្ត្រ​មាន​ជំនឿ​ថា ជា​សត្វ​មាន​ភាព​វាងវៃ កាលបើ​មានការ​បរបាញ់​ពុំ​បាន​សម្រេច​នៅ​កន្លែង​ណាមួយ​ហើយ វា​នឹង​មិន​ត្រឡប់​មក​ទីនោះ​វិញ​ជា​លើក​ទី​២​ឡើយ ។ គេ​មាន​ជំនឿ​ប្រើប្រាស់​ឈាម​របស់​វា​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់​នៅ​តាម​តំបន់​ដាច់​ស្រយាល ។ ជា​ប្រភេទ​សត្វ​មាន​ប្រជាប្រិយភាព ប្រជាជន​មាន​និស្ស័យ​ស្រឡាញ់​ចូល​ចិត្តជា​ពិសេស​សម្រែក​ទៀប​ភ្លឺ​របស់​វា ដែល​ដិត​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជា​កសិករ​ខ្មែរ ក្នុង​អត្ថន័យ​នៃ​ការ​ឆ្លើយឆ្លង​សេចក្តី​ស្នេហា ក៏​ដូច​ជា​ការ​រំឭក​ពេលវេលា​ត្រូវ​ចាកចេញ​ទៅ​ធ្វើស្រែ​ចម្ការ​ផង​ដែរ ។ ចំណី​របស់​វា​គឺ​សត្វ​ឥត​ឆ្អឹង​កង​ដែល​រស់នៅ​ក្នុង​ភក់​ដូច​ជា ៈ ខ្យង ជន្លេន ក្តាម ។​ល​។ វា​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃរបោះ​ស្ងួត មាន​តំបន់ដីសើម​ច្រើន (​ត្រពាំង បឹង ទន្លេ​) ។ វា​មានដំណើរ​យឺត​ៗ រក​ចំណី​លើ​ដី និង​ទំ​លើ​ដើមឈើ​ដើម្បី​សម្រាក និង​គេច​ពួន​ពី​សត្រូវ ។ ជា​ប្រភេទ​សត្វ​ទើបតែ​រក​ឃើញ​ជា​ថ្មី​ឡើង​វិញ​នៅ​កម្ពុជា បន្ទាប់​ពី​ពិភពលោក​បាន​អះអាង​ថា ផុត​ពូជ​ហើយ​នោះ ។ ចំនួន​រក​ឃើញ​ថ្មី​ៗ​នៅ​ខេត្តព្រះវិហារ គឺ​មិន​តិច​ជាង​១០០​ក្បាល​ឡើយ ដែល​ជា​របាយ​មួយ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ។ ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​មួយ​ដែល​បាន​ផ្តល់​រូបថត​នៃ​ប្រភេទ​ត្រយង​នេះ ក្នុង​ធម្មជាតិ​មុនគេ​លើ​ពិភពលោក ។ ឥឡូវ រូបភាព​សត្វ​នេះ​ត្រូវ​ផ្សព្វផ្សាយ​ទូ​ទាំង​ពិភពលោក​ដោយ​ទស្សនាវដ្តី National Geographic Magazine នៃ​សហរដ្ឋអាមេរិក ។ យើង​បាន​ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​ព្រៃ​អភិរក្ស​ធនធាន​សេនេទិច និង​សត្វ​ព្រៃ «​ខេត្តព្រះវិហារ​» ក៏​ជា​មូលហេតុ​នៃ​ការ​អភិរក្ស​សត្វ​ត្រយង​នេះ​ជា​ចម្បង​ដែរ ។ វា​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត ដែល​អង្គការ​អភិរក្ស​ពិភពលោក និង​អង្គ​ការក្រៅរដ្ឋា​ភិបាល​នានា​កំពុង​មាន​ចំណាប់អារម្មណ៍​ជួយ​ផ្តល់​ជំនួយ​ការពារ ថែរក្សា​ប្រភេទ​សត្វ​នេះ​ឱ្យ​ខាង​តែ​បាន ម្យ៉ាង​ទៀត​ដោយ​វា​មាន​សោភ័ណ​ភាព និង​រូបរាង​ស្រស់​ស្អាត ជា​ពិសេស​ទើបតែ​រក​ឃើញ​ឡើង​វិញ​ថ្មី​ៗ​នេះ​ផង​នោះ វា​ជា​ប្រភព​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់​មួយ ។

៣-​អណ្តើក​ហ្លួង (Batagur baska) ជា​ឧរង្គសត្វ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឈ្មោះ​ជា​ភាសាជាតិ «​អណ្តើក​សរសៃ ឬ​អណ្តើក​ហ្លួង​» ។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ «Batagur baska» និង​ជា​ភាសា​អង់គ្លេស​គឺ «Royal Turtle» ។ វា​មាន​ភ្នែក​ពណ៌​ស និង​ច្រមុះ​បះ​ឡើង ស្នូក​របស់​វា​មាន​ប្រវែង​រហូត​ដល់​៦០​សង្ទីម៉ែត្រ មាន​ផ្ទៃ​ពណ៌​ប្រផេះ ឬ​ខ្មៅ​ទាំងអស់ ។ ម្រាមជើង​មុខធំ មាន​ស្បែក​ពាស​ជាប់​គ្នា​ដូច​បាតជើង​ទា មាន​ក្រញាំ​តែ​បួន គឺ​ខុស​ប្លែក​ពី​អណ្តើក​ផ្សេង​ទៀត ដែល​មាន​ក្រញាំ​ប្រាំ ។ អណ្តើក​នេះ​ត្រូវ​ហាមឃាត់​មិន​ឱ្យធ្វើ​ព​ណិ​ជ្ជ​កម្ម​អន្តរជាតិ ដោយ​បាន​ចុះ​ក្នុង​ឧ​ប​សម្ព័ន្ធ I នៃ​អនុសញ្ញា CITES ។ ពិភពលោក​បាន​ចាត់​ទុក​អណ្តើក​នេះ ជា​ប្រភេទ​សត្វ​កំពុង​ទ​ទួង​រង​ការ​គំរាមកំហែង​ជាស​កល (Globally Threaten) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN​។ កាលពី​បុរាណ អណ្តើក​នេះ​មាន​ប្រវត្តិ​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​បាន​ចាត់ទុកជា​សម្បត្តិ​របស់​រាជវង្ស​នៅ​កម្ពុជា​យើង ។ ពងអណ្តើក​នេះ ជា​រឿយ​ៗ​ប្រមូល​បាន​ពី​ខែមករា​ដល់​ខែមីនា ដែល​នៅ​ពេល​នោះ​គេ​យក​ទៅ​ថ្វាយ​តែ​ចំពោះ​រាជវង្ស​សោយ​ប៉ុណ្ណោះ ដូចនេះ​ទើប​ប្រជារាស្ត្រ​ឱ្យឈ្មោះ​ថា អណ្តើក​ហ្លួង រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ក្រោយមក ប្រជារាស្ត្រ​ឱ្យ​តែ​ចាប់​បាន​អណ្តើក​នេះ តែងតែ​យក​មក​តុបតែង​លាបប្រេង ម្សៅ និមន្ត​ព្រះសង្ឃ​សូត្រធម៌​បួងសួង​សុំ​សេចក្តីសុខ ហើយ​ដោះ​លែង​ទៅ​វិញ ។ វា​ចូល​ចិត្ត​រស់នៅ​តាម​តំបន់​ពាម​សមុទ្រ មាន​ព្រែក​តូច​ៗ​ដែល​មាន​ព្រៃកោងកាង ឬ​មាន​រុក្ខជាតិ​ផ្សេង​ទៀត​ដុះ​តាម​មាត់ទឹក ។ ជា​ប្រភេទ​សត្វ​ស៊ី​អាហារ​គ្រប់​យ៉ាង មាន​ស្លឹក​ឈើ ពន្លក​រុក្ខជាតិ ផ្លែ​កោង​កាង និង​សត្វ​តូច​ៗ​ផ្សេង​ទៀត ។ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​៩០ គេ​ជឿ​ថា អណ្តើក​នេះ​បាន​ផុត​ពូជ​ពី​កម្ពុជា​ទៅ​ហើយ ទើបតែ​នៅ​ឆ្នាំ​១៩៩៥ បាន​រក​ឃើញ​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ហើយ​នៅ​ឆ្នាំ​២០០២ កន្លង​ទៅ​នេះ នាយកដ្ឋាន​ជលផល​សហការ​ជាមួយ​អង្គការ WCS ភ្ញាស់​បាន​៣២​ក្បាល ហើយ​បាន​លែង​ទៅ​ក្នុង​ធម្មជាតិ​វិញ ។ វា​ជា​ប្រភេទ​ជិត​ផុត​ពូជ ដែល​អង្គការ​អភិរក្ស​ពិភពលោក និង​អង្គការក្រៅរដ្ឋាភិបាល​នានា កំពុង​មាន​ចំណាប់អារម្មណ៍​ជួយ​ផ្តល់​ជំនួយ​ការពារ​ថែរក្សា​ប្រភេទ​សត្វ​នេះ​ឱ្យ​ខាង​តែ​បាន និង​ម្យ៉ាងទៀត គួប​ផ្សំ​នឹង​ទីជម្រក​ព្រៃកោងកាង​ដ៏​ស្រស់​ស្អាត វា​ជា​ប្រភព​ទាក់ទាញ​ទេសចរ​មួយ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ។

៤-​ត្រី​គល់រាំង (Catlocarpio Siamensis) ជា​មច្ឆជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឈ្មោះ​ជា​ភាសាជាតិ «​ត្រី​កាហោ ឬ​ត្រី​ក្បាល​ឡាន ឬ​ត្រី​គល់រាំង​» ។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ «Catlocarpio Siamensis» និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស «Giant Mekong Barb» ។ វា​ជា​ប្រភេទ​ត្រី​មាន​ទំហំ​ធំ​ជាងគេ​នៅ​កម្ពុជា ។ វា​អាច​មាន​ទម្ងន់​ពី​១៥០-៣០០​គីឡូក្រាម និង​ប្រវែង​ដងខ្លួន​ពី​២-៣​ម៉ែត្រ ។ ជា​ប្រភេទ​ត្រី​មាន​ស្រកា​ធំ​ៗ​គ្របដណ្តប់​លើ​ផ្ទៃ​ដងខ្លួន​ទាំងមូល លើកលែងតែ​ផ្នែក​ក្បាល និង​ព្រុយ​ប៉ុណ្ណោះ ។ ពណ៌​សម្បុរ​លើ​ដងខ្លួន​ទាំងមូល មើលឃើញ​ថា មាន​ពីរ​ពណ៌​ដាច់​ដោយឡែក​ពី​គ្នា ស្រកា​ដែល​នៅ​លើ​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​មាន​ពណ៌​ក្រមៅ​ថ្លា ។ ដោយឡែក ស្រកា​ស្ថិត​នៅ​ក្រោម​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​មាន​ពណ៌​ប្រាក់ ។ ប្រភេទ​ត្រី​នេះ ត្រូវ​ការពារ​ដោយ​ក្រឹត្យច្បាប់​លេខ​៣៣ ក្រ​.​ច ស្តី​ពី​ការ​គ្រប់គ្រង​វិស័យ​ជលផល ក្នុង​ជំពូក​២ មាត្រា​១៨ ។ បច្ចុប្បន្ន​នេះ រដ្ឋបាល​ជលផល​បាន​ណែនាំ និង​លើកទឹកចិត្ត​ដល់​ស្ថានីយ​ភ្ញាស់ និង​បង្កាត់​ប្រភេទ​ពូជ​ត្រី​នានា ឲ្យ​ធ្វើការ​ស្រាវជ្រាវ ភ្ញាស់ និង​បង្កាត់​ប្រភេទ​ពូជ​ត្រី​នេះ ដើម្បី​លែង​ចូល​ក្នុង​ដែនទឹក​ធម្មជាតិ និង​ធ្វើ​វារីវប្បកម្ម ។ ចាប់តាំងពី​ឆ្នាំ​២០០០​មក នាយក​ដ្ឋាន​ជលផល​(​បច្ចុប្បន្ន​រដ្ឋបាល​ជលផល​) បាន​សហការ​ជាមួយ​គម្រោង​គ្រប់គ្រង​នេសាទ​ទឹកសាប​កម្ពុជា បាន​ធ្វើការ​លែង​ត្រី​គល់រាំង​ដែល​នេសាទ​បាន​ដោយ​ដាយ ដោយ​ដាក់​សញ្ញា​សម្គាល់​ដើម្បី​តាមដាន​ចរាចរណ៍ និង​ការ​លូតលាស់​របស់​វា ។ ត្រី​គល់រាំង ជា​ប្រភេទ​ត្រី​ទឹកសាប​មាន​ប្រភព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។ គេ​ឃើញ​មាន​រស់នៅ​តាម​ដង​ទន្លេមេគង្គ ជា​ពិសេស​សម្បូរ​ជាងគេ​នៅ​បឹង​ទន្លេសាប ។ រូបភាព​ប្រភេទ​ត្រី​នេះ ត្រូវ​បុព្វបុរស​ខ្មែរ​យើង​ឆ្លាក់​ជា​រូបចម្លាក់​ដាក់​លើ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ។ គេ​និយម​យក​ស្រកាត្រី​គល់រាំង  មក​ធ្វើ​ជា​សី​ទាត់​ក្នុង​ល្បែង​ប្រជាប្រិយ​ខ្មែរ​យើង ។ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រភេទ​ត្រី​ក្នុងស្រុក​ផ្សេង​ទៀត ត្រី​គល់រាំង​មាន​មាឌធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ស្លូត​ពុំ​ដេញចាប់​ប្រភេទ​ត្រី​ផ្សេង​ទៀត​ជា​អាហារ​ឡើយ ។ សាច់​របស់​វា​មាន​រសជាតិ​ឆ្ងាញ់ ប្រជាជន​និយម​ចូល​ចិត្ត​បរិភោគ ។ បច្ចុប្បន្ន​នេះ យើង​បាន​និង​កំពុង​ជំរុញ​ដល់​ស្ថានីយ​ភ្ញាស់​បង្កាត់​នានា ឱ្យ​ព្យាយាម​ស្រាវជ្រាវ​ភ្ញាស់​ផលិត​ពូជ​ត្រី​នេះ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​កសិករ​យក​ទៅ​ចិញ្ចឹម ព្រោះ​វា​ងាយ​ស៊ី​ចំណី​ធម្ម​ជាតិ ឆាប់​ធំ និង​អាច​រក្សា​ពូជ​របស់​វា​បាន ។ ទន្ទឹម​នឹង​នេះ​ដែរ យើង​បាន​បង្កើត​តំបន់​ការពារ​អន្លង់​ត្រី​ជា​ច្រើន​នៅ​តាម​ទន្លេមេគង្គ ដើម្បី​អភិរក្ស​ពូជ​ត្រី​ដ៏​ជិត​ផុត​ពូជ​នេះ ។ វា​ជា​ប្រភេទ​ត្រី​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ សម្រាប់​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​កសិករ​ចិញ្ចឹម ព្រោះ​វា​ងាយ​ស៊ី​ចំណី​ធម្មជាតិ និង​ឆាប់​ធំ និង​ជា​ប្រភេទ​ជិត​ផុត​ពូជ ដែល​អង្គការ​អភិរក្ស​ពិភពលោក និង​អង្គការក្រៅរដ្ឋាភិបាល​នានា កំពុង​មាន​ចំណាប់អារម្មណ៍​ជួយ​ផ្តល់​ជំនួយ​ការពារ​ថែរក្សា​ប្រភេទ​ត្រី​នេះ​ឱ្យ​ខាង​តែ​បាន ។

៥-​ដើម​ត្នោត (Borassu flabellier )​ជា​រុក្ខជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឈ្មោះ​ជា​ភាសាជាតិ «​ត្នោត​» ។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ «Borassu flabellier» និង​ជា​ភាសា​អង់គ្លេស​គឺ «Sugar Palm» ។ ត្នោត​ជា​ប្រភេទ​រុក្ខជាតិ ស្ថិត​ក្នុង​តាលព្រឹក្ស​ខ្ពស់ មាន​ដើម​ទោល គល់​ធំ ដុះ​ត្រង់​ឡើង​លើ កម្ពស់​ពី​១០-២៥​ម៉ែត្រ ឫស​វា​មាន​លក្ខណៈ​ជា​ឫស​យោង និង​គ្មាន​ឫសកែវ ។ តួ​ដើម​ត្នោត​មាន​ភាព​គគ្រើម​ពណ៌​ក្រមៅ អង្កត់​ផ្ចិត​ពី​២០-៦០​សង្ទីម៉ែត្រ ដោយ​ប្រែប្រួល​ទៅ​តាម​គុណភាព​ដី​។ កន្សោម​ស្លឹក​មាន​រាង​ដូច​ផ្លិត ប្រមូលផ្តុំ​គ្នា​នៅ​ផ្នែក​ចុង​កំពូល​នៃ​ដើម ។ ធាងត្នោត​រលោង​ក្រាស់ មាន​ពណ៌​លឿង​បៃតង​ពេល​នៅ​ខ្ចី និង​លឿង​ត្នោត​ពេល​មាន​អាយុ​ចាស់ ព្រមទាំង​មា​នប​ន្ល​នៅ​គែម​សងខាង​សណ្ឋាន​ដូច​ជា​ធ្មេញរណារ​។ ត្នោត​ញី​និង​ឈ្មោល​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា តាម​ការ​សម្គាល់​លើ​ផ្កា​របស់​វា ។ ផ្កាត្នោត​ឈ្មោល​មាន​រាង​មូល​ទ្រវែង ទំហំ​ពី​២-៤​សង្ទីម៉ែត្រ ប្រវែង​ពី​៣០-៥០​សង្ទីម៉ែត្រ ។ រីឯ​ផ្កាត្នោត​ញី​មាន​សណ្ឋាន​ជា​ពក​មូល​ៗ​ប្រវែង​ពី​៥០-៧០​សង្ទីម៉ែត្រ ដែល​អាច​ផ្តល់​ផ្លែ​ចំនួន​ពី​២០-៥០​គ្រាប់ ។ ផ្លែ​ត្នោត​មាន​រាង​មូល​ពណ៌​ត្នោត​ក្រមៅ នៅ​ភាគ​ខាងក្រោម និង​ពណ៌​បែ​តង​នៅ​ភាគ​ខាងលើ​នៃ​ផ្លែ ហើយ​ប្រែ​ពណ៌​ទៅ​ជា​លឿងទុំ​ក្រមៅ​ពេល​វា​ចាស់ទុំ ។ ផ្លែ​ត្នោត​មាន​អង្កត់ផ្ចិត​ប្រមា​ន​១៣-២០​សង្ទីម៉ែត្រ ដែល​ប្រែប្រួល​ទៅ​តាម​គុណភាព​ដី ការ​កៀប​យក​ទឹក និង​អាយុ​កាល​របស់​ដើម ។ ត្នោត​ជា​រុក្ខជាតិ​ប្រជាប្រិយ តំណាង​ឱ្យ​សង្គម​ខ្មែរ​ដែល​មាន​វត្តមាន និង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​ប្រជាជាតិ​ខ្មែរ​តាំងពី​សម័យ​កំណកំណើត​នគរ​ខ្មែរ និង​ជា​អត្តសញ្ញាណ​ដែល​ប្រជាជន​ខ្មែរ​សម្គាល់​នូវ​ទេសភាព​ទឹកដី​របស់​ខ្លួន តាំងពី​បុរាណកាល​រហូត​ដល់បច្ចុប្បន្ន ស្រប​នឹង​ពាក្យស្លោក​ថា «​ដើម​ត្នោត​ជា​ជម្រក​ផ្ទះ​ខ្មែរ​» ។ កាលពី​ឆ្នាំ​២០០៣​កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ មាន​វិធានការ​ទប់ស្កាត់​កុំ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ធម្មជាតិ​ដូច​ជាៈ ព្រៃឈើ និង​ដើម​ត្នោត​ជាដើម ដែល​បន្ទាប់​មក ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​នូវ​សារាចរ​ណែនាំ​លេខ​៤៨១ សរណ​ន​. ក​សក ចុះ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០០៣ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន និង​ធ្វើ​អាជីវកម្ម​ដើម​ត្នោត ។ ក្នុង​សង្គម​ខ្មែរ ដើម​ត្មោ​ត​មាន​សារសំខាន់​ច្រើន​យ៉ាង​ណាស់​ដូច​ជា  ឫស​ត្នោត និង​ផ្កាត្នោត​ឈ្មោល​ជា​ឱសថ​បុរាណ​សម្រាប់​កែរោគ​គ្រុនចាញ់ កាមរោគ ឬ​រោគ​ស្ពឹក​ចុងដៃចុងជើង ។ ដើម​ត្នោត​អាចយ​កមក​ប្រើប្រាស់​នៅ​ក្នុង​សំណង់​លំនៅ​ឋាន ក្រោល​សត្វ ទូក ឬ​សំណង់​ផ្សេង​ទៀត ។ បច្ចុប្បន្ន ដើម​ត្នោត​បាន​កែ​ច្នៃ​ជា​ផលិតផល​សិប្បកម្ម​ដ៏​មាន​តម្លៃ​ក្នុង​ទីផ្សារ ។ ស្លឹក​សម្រាប់​ប្រក់ និង​ធ្វើ​ជញ្ជាំង​ផ្ទះ ត្បាញកន្ទេល មួក ស្មុគ និង​ពេល​ខ្លះ​អាច​ប្រើប្រាស់​ស្លឹក​ត្នោត​សម្រាប់​ចារ ឬ​សរសេរ​ជំនួស​ស្លឹក​ទ្រាំង​បាន​ទៀត​ផង ។ ផ្លែ​ត្នោត និង​ទឹកត្នោត មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ពិសា ជាទី​ពេញ​និយម​នៃ​សង្គម​ខ្មែរ ។ ការ​ផលិត​ស្ករត្នោត​ដោយ​រំងាស់​ពី​ទឹកត្នោត គឺជា​ប្រពៃណី​របស់​ប្រជារាស្ដ្រ​ខ្មែរ​តាំងពី​បុរាណ​រហូត​ដល់​បច្ចុប្បន្ន ។

៦.​ផ្កា​រំ​ដូ​ល (Mitrella mesnyi ) ជា​ផ្កា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឈ្មោះ​ជា​ភាសាជាតិ «​រំដួល​» ។ វា​មានឈ្មោះ​វិទ្យាសាស្ដ្រ «Mitrella mesnyl» និង​ជា​ភាសា​អង់គ្លេស «Rumdul» ។ រំដួល​ជា​ប្រភេទ​រុក្ខជាតិ​មាន​កម្ពស់​ពី​៨-១៣​ម៉ែត្រ និង​មាន​អង្កត់ផ្ចិត​ពី​២០-៣០​សង្ទីម៉ែត្រ ។ ដើម​មាន​សំបក​ពណ៌​ត្នោត​-​លឿង ស្លឹក​ជា​ប្រភេទ​ស្លឹក​ទោល​ដុះ​ឆ្លាស់​គ្មាន​ខ្នាយ​ស្ទប ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង មាន​ទំហំ​២-៤ x ៦-១០​សង្ទីម៉ែត្រ​។ ផ្ការំដួល​មាន​ពណ៌​លឿង​-​ស មាន​ក្លិនក្រអូប​ផ្សាយ​បាន​ឆ្ងាយ ចោល​ក្លិន​នៅ​ពេល​រសៀល និង​ពេល​ប្រ​លប់​។ ផ្លែ​ជា​ចង្កោម ពេល​ទុំ​មាន​ពណ៌​ក្រហម​ក្រមៅ​អាច​បិ​រ​ភោគ​បាន ។ រំដួល​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ប្រជាជន​យើង​និយម​យក​មក​ដាំ​លំអ​តាម​គេហដ្ឋាន និង​សួន​សាធារណៈ​។ ដោយ​ផ្ការំដួល​មាន​ក្លិន​ប្រ​អូ​ប​បែប​នេះ ខ្មែរ​យើង​ពី​បុរាណកាល​និយម​ប្រើប្រាស់​វា​ជា​គ្រឿងផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី ។ ដើម​រំដួល ក៏​អាច​កែ​ច្នៃ​ប្រើប្រាស់​ជា​គ្រឿងសំណង់​បន្ទាប់បន្សំ និង​ប្រើ​ជា​អុស​សម្រាប់​ដុត ។ នៅ​រដូវ​ផ្លែ​រំដួល​ទុំ ប្រជាជន​ដែល​រស់នៅ​ក្បែរ​ព្រៃ តែងតែ​បេះ​ផ្លែ​រំដួល​យក​មក​លក់​ដោះស្រាយ​ជីវភាព ។ ដោយសារ​ផ្ការំដួល​មាន​ក្លិន​ដ៏​ក្រអូប ជាទី​ទាក់ទាញ​អារម្មណ៍​របស់​មហាជន​ទូទៅ ហេតុនេះ​បានជា​គេ​ច្រើន​ប្រដូច​នារី​ខ្មែរ​ទៅ​នឹង​ផ្ការំដួល រហូត​ដល់​មាន​កវីនិពន្ធ​ខ្មែរ​ខ្លះ​បាន​បន្សល់​ទុក​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជាៈ រំដួល​ក្រចេះ និង​រំដួល​ពោធិ៍សាត់​ជាដើម ។

 ៧. ចេកពងមាន់ Banana (Musa aromatica) ជា​ផ្លែ​ឈើ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ឈ្មោះ​ជា​ភាសាជាតិ «​ចេកពងមាន់​» ។ វា​មានឈ្មោះ​វិទ្យាសាស្ដ្រ «Musa aromatica» និង​ជា​ភាសា​អង់គ្លេស​គឺ «Chichen Egg Banana»​។ ចេក​ត្រូវ​គេ​និយម​បរិភោគ និង​ប្រើប្រាស់​ជា​ទូទៅ​ដោយ​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ។ គេ​អាច​បរិភោគ​ផ្លែ​ចេកទុំ ឬ​កែ​ច្នៃ​ជា​តំណាប់ ចេក​បន្ទះ ចេកឆាប​ជាដើម ។ ក្រៅពី​នេះ ចេក​ប្រជាជន​កម្ពុជា​និយម​ប្រើប្រាស់​ជា​សំណែន ឬ​ជំនូន​គ្រប់​ពិធី​ផ្សេង​ៗ ដែល​សូ​ម្បី​តែ​សម្រាប់​ថ្វាយ​គោរព​បូជា​ទេវតា​រាល់​ថ្ងៃសីល​ផង​ដែរ ។ ក្នុង​ពាក្យស្លោក «​ពេល​ឈឺ​យក​ដំរី​ទៅ​បន់ ពេល​ជំងឺ​ស្រន់​ចេកពងមាន់​ក៏​ស្ដាយ​»  នោះ​បញ្ជាក់​ថា ចេក​ត្រូវ​ប្រើប្រាស់​ជា​ទូទៅ ព្រោះ​មាន​តម្លៃ​ថោក ហើយ​ផលិតផល​នេះ​មាន​ពោរពេញ​គ្រប់​ទិស​ទី ។ ចេកពងមាន់​ភាគច្រើន​ត្រូវ​គេ​ដាំ​នៅ​តាម​ដីសណ្ដ​ទន្លេមេគង្គ ជា​ពិសេស​នៅ​តំបន់​កោះ​ដុះ​ថ្មី ។ ចេក​គេ​ដាំ​នៅ​កម្ពុជា​ជា​យូរលង់​ណាស់​មក​ហើយ ថ្វី​ដ្បិតតែ​ជា​ដំណាំ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ក៏​ដោយ ។ តួយ៉ាង​រឿងព្រេង​បុរាណ​ខ្មែរ «​ចៅ​ស្រទបចេក​» ជា​ភស្ដុ​តាង​ស្រាប់ ។ ក្រៅពី​បាន​ដាំ​យក​ផែ្ល ដើម្បី​ជា​ប្រភព​ចំណូល​សម្រាប់​គ្រួសារ​របស់​កសិករ​នោះ ដំណាំ​ចេក​ជា​ដំណាំ​ប្រើ​បាន​ច្រើន​មុខ​ទៀត​ដូច​ជាៈ គល់​របស់​វា​ជា​ប្រភព​ជាតិ​ម្សៅ «​អាមីដុង​» ពិសេស​ក្នុង​ពេល​ជួប​គ្រោះ​ទុរ្ភិក្ស​ម្តងម្កាល ដើម​វា​អាច​ហាន់​ជា​ចំណី​ជ្រូក គោ ក្របី ។​ល​។ ធ្វើ​ជា​ខ្សែចំណង​ផ្សេង​ៗ ធ្វើ​ជា​បាយសី​ក្នុង​ពិធីសែនព្រេន​នានា ស្លឹក​ប្រើ​ជា​សម្ភារ​វេច​ខ្ចប់​នំចំណី និង​ត្រយូង​ប្រើ​ជា​បន្លែស្រស់ ឬ​ស្ល ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ