កសិករ៖ត្រី មាន់ កង្កែប នឹងមានទីផ្សារល្អឡើងវិញពេល​កូវីដ១៩មានស្ថានភាពប្រសើរ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កសិករ៖ត្រី មាន់ កង្កែប នឹងមានទីផ្សារល្អឡើងវិញពេល​កូវីដ១៩មានស្ថានភាពប្រសើរ​

2 ខែ មុន

រាជធានីភ្នំពេញ ៖ ប្រជាកសិករសង្ឈឹមថានៅពេលស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល រដ្ឋនៅតែបន្តគ្រប់គ្រងជំងឺនេះបានល្អ មិនមានការផ្ទុះករណីសហគមន៍ជាថ្មីនោះ សត្វចញ្ចឹមរបស់ពួកគាត់នឹងមានទីផ្សារឡើងវិញ។ កសិករបានសនិយាយថា នៅពេលពលរដ្ឋអាចរៀបចំពិធីមង្គការ រៀបចំកម្មវិធីបុណ្យទាន…

រាជធានីភ្នំពេញ ៖ ប្រជាកសិករសង្ឈឹមថានៅពេលស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល រដ្ឋនៅតែបន្តគ្រប់គ្រងជំងឺនេះបានល្អ មិនមានការផ្ទុះករណីសហគមន៍ជាថ្មីនោះ សត្វចញ្ចឹមរបស់ពួកគាត់នឹងមានទីផ្សារឡើងវិញ។ កសិករបានសនិយាយថា នៅពេលពលរដ្ឋអាចរៀបចំពិធីមង្គការ រៀបចំកម្មវិធីបុណ្យទាន និងការជូបជុំគ្នាផ្សេងៗ បាននោះត្រី និងសត្វដែលគាត់ចិញ្ចឹម​ជាច្រើនទៀតមានបង្កែប កន្ធាយជាដើមនោះ នឹងត្រូវគេទិញយកទៅធ្វើម្ហូប ធ្វើឲ្យពូកគាត់​អាចស្តារជីវភាពដែលខាតបង់មកវិញ ក្រោយពីសត្វចិញ្ចឹមទំាងនោះបានធ្លាក់ថ្លៃ គ្មានអ្នកទិញជាច្រើនខែមកនោះ។

លោកម៉ៅ ពលរដ្ឋនៅក្នុងខេត្តតាកែវបាននិយាយថា កន្លងមកសត្វមាន់ ទា ត្រីនិងកង្កែប របស់កសិករបានធ្លាក់ថ្លៃ គួរឲ្យបារម្ភ រហូតដល់សត្វខ្លះ ដូចជាកង្កែប គឺគ្មានអ្នកទិញតែម្តង។ កសិករថាគ្មានអ្នកទិញ ឬទិញក្នុងតម្លៃទាប  ដោយ​សារកម្មវិធីរៀបការមិនអាចរៀបចំបាន កម្មវិធីបុណ្យទានក៍មិនអនុញ្ញាតឲ្យមានការ​ជួបជុំមនុស្សច្រើន ចំណែកមណីដ្ឋាននានាគ្មានមនុស្សដើរកម្សាន្ត ដែលធ្វើឲ្យ ត្រី សត្វដែលកសិករចិញ្ចឹមមិនដឹង គេទិញយកទៅធ្វើអ្វី។

ចំណែកលោកសុផល កសិករម្នាក់ទៀតនៅក្នុងខេត្តតាកែវ បាននិយាយថា នៅក្នុងឆ្នាំ២០២០នេះ កសិករជាច្រើនបាននាំគ្នាចិញ្ចឹមត្រី មាន់ កង្កែប ប៉ុន្តែ​បើជាទីផ្សារបានធ្លាក់ថ្លៃទៅវិញ។ លោកថា “សម័យកូវីដ១៩នេះ កសិករបានប្រើយុទ្ធសាស្រ្តខ្លួនជួយខ្លួន តាមរយៈការចិញ្ចឹមសត្វនិងដំាដុំនៅមូលដ្ឋាន ប៉ុន្តែបើជាទីផ្សារមិនល្អសោះ។ ខ្ញុំសង្ឃឹមថានៅពេល​ស្ថានភាពកូវីដ១៩ល្អប្រសើរ គ្មាន ករណីឆ្លងថ្មី ហើយពលរដ្ឋអាចរៀបការកូនចៅបានឡើងវិញនោះ សត្វចិញ្ចឹម របស់កសិករនឹងមានទីផ្សារឡើងវិញមិនខានឡើយ”។

ជាមួយក្តីសង្ឃឹមបែបនេះ កសិករក៍សបានំណូមពរដល់អាជ្ញាធរជួយទប់ស្កាត់ការនាំចូលបន្លែ សាច់ ពីប្រជិតខាងផងដែរ។ បើតាមកសិករការនាំចូលកសិផលពីបរទេសអាចបណ្តាលឲ្យផលិតផលកសិកម្មនៅក្នុងស្រុកធ្លាក់ថ្លៃ។

នៅក្នុងឱកាសពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី ក្នុងរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា រយៈពេលកន្លងមកនេះ តម្រូវការទីផ្សារ តម្លៃមានការធ្លាក់ចុះបន្តិច តែបច្ចុប្បន្នតម្លៃបាន និងកំពុងកើតឡើងបន្តិចវិញ។ លោក រដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអ្នកចិញ្ចឹមត្រី​និងសត្វផ្សេងៗ ត្រូវបន្តរក្សាមុខរបរនេះ ព្រោះថានេះគឺជាអាជីពយ៉ាងរឹងមាំ និងបានចូលរួមយ៉ាងមានប្រសិទ្ធភាព​ជាមួយរាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

លោក វេង សាខុន បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ។

លោករដ្ឋមន្ត្រីក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ទន្ទឹមនឹងនេះ ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មក្នុងស្រុកឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសលោកសុំឱ្យវិនិយោគិនក្នុងស្រុកបង្កើនការវិនិយោគក្នុងវិស័យវារីវប្បកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩នេះ។

គួរជម្រាបថាក្រោយពីកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិការមកសកម្មភាពសេដ្ឋកិច្ចហាក់មានភាពល្អប្រសើរឡើងវិញ ពលរដ្ឋបានវិលទៅរកសកម្មភាពប្រចំាថ្ងៃ ហើយការឆ្លងជំងឺកូវីដ១៩មិនសួវមាននោះទេ ចំណេកការព្យាបាលបានជាសះស្បើយបន្តបន្ទាប់។

រហូតដល់ ព្រឹក​ ថ្ងៃទី ៦ មករា​ ២០២១​នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩កើនដល់៣៨៣នាក់ ប៉ុន្តែអ្នកសម្រាកព្យាបាលមានតែ ២០នាក់ប៉ុណ្ណោះ អ្នកជាសះស្បើយមានចំនួន៣៦២នាក់។ ទោះយ៉ាងនេះក្តីក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឲ្យពលរដ្ឋ ប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ «ប្រទេសយើង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងកម្ពុជា និងពិភព​លោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរបស់ក្រសួងសុខាភិបាល៕